ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជានិងថៃ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ មានទឹកប្រាក់សរុប ៣,៩៥២.០៣លានដុល្លារកើនឡើង ២១,៤% បើធៀបនឹងឆ្នាំ២០២២ មានទឹកប្រាក់ ៣,២៥៥.៤២លានដុល្លារ។ បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការនាំទំនិញពីកម្ពុជាទៅថៃ មានចំនួន ៦៩៨.០១លានដុល្លារ កើន ៣៦% ពី ៥១៣.៣៣លានដុល្លារ និងការនាំទំនិញពីថៃមកកម្ពុជាវិញមាន ៣,២៥៤,០២លានដុល្លារ កើន ១៨,៧% ពីចំនួន ២ ៧៤២,០៨លានដុល្លារ។ បើតាមការបញ្ជាក់នៅក្នុងទិន្នន័យរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្ថែមថា ការផ្លាស់ប្ដូរទំនិញនៅក្នុងខែតុលា ឆ្នាំ២០២២ មានទឹកប្រាក់ ៣២៥.០៤៥លានដុល្លារ ធ្លាក់ចុះ ១៩,៥៩% ពីចំនួន ៤០៤.២៦លានដុល្លារ ធៀបនឹងឆ្នាំ២០២១ ដោយការនាំចេញពីកម្ពុជា ចំនួន ៤២.៩៦លានដុល្លារ កើន ១៥,៦% ពីចំនួន ៣៧,១៨លានដុល្លារ និងពីថៃមកកម្ពុជា មាន ២៨២.០៨ លានដុល្លារ ធ្លាក់ចុះ ២៣,២% ពីចំនួន ៣៦៧.០៨លានដុល្លារ។
បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ពាណិជ្ជកម្មនៃប្រទេសទាំងពី បានកើនឡើងជាបន្តបន្ទាប់បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជិតខាងទាំងពីរ ដែលចំនួននេះនឹងបន្តកើនឡើងច្រើនថែមទៀតនាពេលខាងមុខ។
ក្រៅពីមានទំនាក់ទំនងទ្វេភាគីល្អជាមួយគ្នាប្រទេសទាំងពីរ ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។ ទំហំទឹកប្រាក់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសនឹងកើនឡើងខ្ពស់បន្ថែមទៀតនាពេលខាងមុខ។ បើតាមការលើកឡើងបន្តរបស់ លឹម ហេង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបាននាំចូលទំនិញពីប្រទេសថៃជាច្រើនប្រភេទដែលមានដូចជា៖ គ្រឿងសំណង់ អគ្គិសនី គ្រឿងអេឡិចត្រូនិក ម៉ាស៊ីន យានយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម គ្រឿងសម្អាង ផលិតផលចំណីអាហារភេសជ្ជៈ។ ចំណែក ផលិតផលកម្ពុជានាំទៅថៃភាគច្រើនជាផលិតផលកសិកម្ម។
បើតាមភ្នំពេញប៉ុស្តិ៍ដដែល ក៏បានស្រងសំដី លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថា កម្ពុជា និងថៃ ជាប្រទេសមានព្រំដែនជាប់គ្នា និងមានទំនាក់ទំនងនយោបាយល្អជាមួយគ្នា ដូច្នេះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពី បានកើនឡើងជាបន្តបន្ទាប់។
លោក បានគូសបញ្ជាក់ថា ទោះបីយ៉ាងណា ដោយសារថៃជាប្រទេសធំ មានកម្លាំងផលិតកម្មខ្លាំង និងមានទំនិញប្រហាក់ប្រហែលកម្ពុជា ដូច្នេះចំនួនទឹកប្រាក់នាំទំនិញថៃមកកម្ពុជាច្រើនជាងកម្ពុជានាំចេញទៅថៃ គឺជារឿងដែលជៀសមិនផុត។
អតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មនឹងបន្តកើតមានជាយូរទៀត ប៉ុន្តែយើងអាចកាត់បន្ថយខ្លះតាមរយៈការខិតខំកែច្នៃផលិតផលក្នុងស្រុកឱ្យបានច្រើន និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនក្នុងស្រុកឱ្យបានច្រើន។ បន្ថែមលើនេះ ក៏ត្រូវធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាជនងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន។ បើតាមការលើកឡើងបន្ថែមរបស់ លោក ហុង វណ្ណៈ។
គួររម្លឹកថា កាលពីឆ្នាំ២០២១ ពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានតម្លៃសរុប ៤,០៨៣.៥៦លានដុល្លារ កើន ៨,៦% ធៀបនឹង ឆ្នាំ២០២០ ក្នុងនោះកម្ពុជានាំចេញ ៦២០.២១លានដុល្លារ ធ្លាក់ចុះ ៣០,៨% និងទំនិញនាំចូលពីថៃមាន ៣,៤៦៣.៣៤ លានដុល្លារ កើនឡើង ២០,៩%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)