ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តតាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD។
គម្រោងដែលបានស្នើសុំរបស់ក្រុមហ៊ុន MARITIME CITY CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។
ដោយឡែក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន ៣ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមមាន៖
១-ក្រុមហ៊ុន ONEPLUS NEW MATERIAL TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។
២-ក្រុមហ៊ុន JINLAI TEXTILES CO., LTD. គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ១០០កន្លែង។
៣-ក្រុមហ៊ុន XINJINCAI PLASTIC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ធ្វើពីប្លាស្ទិក ស្កុត និងស្ទិកឃ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០កន្លែង។
សូមរម្លឹកថា គម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ របស់ក្រុមហ៊ុន Huan Hai Bo Lai International Investment Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តកាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្នុងទុនវិនិយោគចំនួន ១៦៨លានដុល្លារ។ សណ្ឋាគារនេះ មានចំនួន ៩៥៧បន្ទប់ ទីតាំងនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបង្កើតការងារបាន ៩៥៥កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)