ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) នៅថ្ងៃទី២ និងទី៣ខែធ្នូ ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន តាមគន្លងប្រក្រតីភាពថ្មី តាមគោលការណ៍អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំកាលទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិនិត្យលើការងារ រៀបចំឱ្យបានរួចរាល់មុនកិច្ចប្រជុំខាងលើប្រព្រឹត្តឡើង។
បើតាមកិច្ចប្រជុំពិនិត្យលើការងារនេះ បានឱ្យដឹងថា មានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានមានជាង ៣០ទីក្រុងធំៗចូលរួមផងដែរ។
លោក ឃួង ស្រេង អភិបាល បានគូសបញ្ជាក់ថា កិច្ចក្នុងប្រជុំនេះថា យើងរៀបចំក្នុងកំរិតតូចជាងកិច្ចប្រជុំអន្តរសភា អាស៊ាន (AIPA) តែយកទំរង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះ នៅខេត្តសៀមរាប។ លោក បានបន្តថា ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចកិច្ចប្រជុំកំពូលពាក់ព័ន្ធដែរ ព្រោះយើងមានបទពិសោធន៍ ធ្វើបានល្អរួចមកហើយ។
ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ បើតាមការថ្លែងបន្តទៀតរបស់ លោក ឃួង ស្រេង បានបន្ថែមថា វេទិកានេះគឺសំរាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្នអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តន៏ល្អៗ ក៏ដូចជាទស្សនរបស់ពួកគាត់សំរាប់ការកសាងសហគមន៍អាស៊ាន។
បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិ ថា កិច្ចប្រជុំនេះមានសារៈសំខាន់ ដែលទីក្រុងរបស់អាស៊ានទាំងអស់ អាចនឹងរៀនសូត្រពីគ្នាទៅវិញទៅមកហើយចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងទីក្រុងក៏ដូចជាការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងភាពធន់។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងថា ការបង្កើតទីក្រុងវៃឆ្លាត នៅក្នុងតំបន់អាស៊ានគឺជាចក្ខុវិស័យវែងឆ្ងាយរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាសង្គម វិបុលភាពតំបន់ បញ្ហាបរិស្ថាន និងកំណើនសេដ្ឋកិច្ច និងប្រជាជនដែលពិភពលោកទាំងមូលកំពុងប្រឈម។
បច្ចុប្បន្ន កម្ពុជាបាននិងកំពុងព្យាយាមយកក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និងប្រវត្តិសាស្ត្រ ធ្វើជាទីក្រុងវៃឆ្លាតសាកល្បងប្រចាំនៅអាស៊ាន តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាក្រុង អភិវឌ្ឍគម្រោងភូមិស្អាត និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងកែច្នៃជាដើម។ ពើតាមការលើកឡើងបន្តរបស់ លោក ថុង ម៉េងដាវិត។
លោក បានបន្ថែមថា កម្មវិធីទីក្រុងវៃឆ្លាតកម្ពុជាត្រូវបានបណ្តាប្រទេសដទៃគាំទ្រជាពិសេសប្រទេសជប៉ុន។ អាស៊ានត្រូវតែគាំទ្រ និងបន្តយន្តការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតនេះនៅតាមបណ្តាទីក្រុងចាស់ថ្មីនៅតាមបណ្តាប្រទេសសមាជិកអាស៊ានដោយគាំទ្រគ្នាទៅវិញទៅមក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)