ភ្នំពេញ៖ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។ បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តថា នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជា បានបើកទីផ្សារ ចំនួន ៨៩.០៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន ៩៥.០៣% នៃបន្ទាត់ពន្ធគយសរុប។
នៅពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា ក្នុងនោះកម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ចំនួន ៩២.៣៧% នៃបន្ទាត់ពន្ធគយសរុប។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង CKFTA ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កើត កាលានុវត្តភាពនាំចេញថ្មីៗបន្ថែមទៀត។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីការអនុវត្តកិច្ចព្រមព្រៀង CKFTA ធៀបនឹងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ព្រមទាំងមានសមត្ថភាពក្នុងការបំពេញបែបបទនាំចេញ ដោយអនុលោមតាមនីតិវិធីនៃវិធានដើមកំណើតទំនិញ ជាពិសេសជំរុញដល់កំណើនការនាំចេញតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមកិច្ចព្រមព្រៀង CKFTA។ បើតាមការបញ្ជាក់របស់ លោក ប៉ាន សូរស័ក្ដិ។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជរវាងកម្ពុជា-កូរ៉េខាងត្បូង មានតម្លៃជាង ៦០០លានដុល្លារ ពោលគឺកើនឡើង ៣% បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េមានតម្លៃ ១៧៥លានដុល្លារ កើនឡើង ២១% និងនាំទំនិញពីកូរ៉េមកវិញក្នុងតម្លៃ ៤២៦លានដុល្លារ ថយចុះ ៣%។ បើតាមតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
ពាក់ព័ន្ធនឹងការចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នេះដែរ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក៏បានសាទរចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងនូវការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២។
លោក Yoon Suk មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទ្វេភាគី ពិសេសនឹងជំរុញឱ្យមានការវិនិយោគរបស់កូរ៉េច្រើនថែមទៀតនៅកម្ពុជាផងដែរ។
ថ្លែងក្នុងជំនួបពិភាក្សាការងារ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកត់សម្គាល់ដោយរីករាយចំពោះការកើនឡើងនូវការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ដែលធ្វើឱ្យកូរ៉េឈរនៅលេខរៀងទី២ ក្នុងចំណោមដៃគូវិនិយោគធំៗរបស់កម្ពុជា។
នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើដល់ លោក Yoon Suk ឱ្យលើកទឹកចិត្តជំរុញការវិនិយោគរបស់កូរ៉េ ឱ្យកាន់តែច្រើនថែមទៀតនៅកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានអនុវត្តពេញលេញ។
សូមរម្លឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតី MOON Jae-In នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។
បន្ទាប់ពីទទួលបានគោលការណ៍ឯកភាព និងសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀង CKFTA នេះត្រូវបានចុះហត្ថលេខាជាផ្លូវការជាបីភាសាគឺភាសាខ្មែរ ភាសាកូរ៉េ និងភាសាអង់គ្លេស ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
កម្ពុជា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ខណៈភាគីកូរ៉េបានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានជូនដំណឹងមកកម្ពុជាតាមរយៈកំណត់ទូត ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវការរយៈពេល ៦០ថ្ងៃ ដើម្បីចូលជាធរមានបន្ទាប់ពីភាគីជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័នរបស់ខ្លួន ដូចនេះកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)