ភ្នំពេញ៖ រយៈពេល ១០ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា និងកាណាដា មានទឹកប្រាក់ប្រមាណ ៩៧៤.៨៣លានដុល្លារ កើនឡើង ១៨,៥% បើធៀបនឹងឆ្នាំ២០២១ មានចំនួនទឹកប្រាក់ ៨២២,៣៩លានដុល្លារ។ បើយោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
កម្ពុជា នាំទំនិញទៅប្រទេសកាណាដា ក្នុងទឹកប្រាក់សរុប ៩៤៥.៣១លានដុល្លារ កើនឡើង ១៩,៧% ពីចំនួន ៧៨៩.៩៨លានដុល្លារ និងការនាំទំនិញពីកាណាដា មកកម្ពុជា មានទឹកប្រាក់ ២៩.៥១លានដុល្លារ ធ្លាក់ចុះ ៨,៩% ពីចំនួន ៣២.៤១លានដុល្លារ។ បើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមទិន្នន័យខាងលើបានបន្ថែមថា សម្រាប់ខែតុលា ឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទឹកប្រាក់ ៧៣.៩២លានដុល្លារ ធ្លាក់ចុះ ១,៥៧% បើធៀបខែតុលា ឆ្នាំ២០២១ ដែលមានចំនួន ៧៥,១លានដុល្លារ។
បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ផ្អែកលើទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងប្រភេទនៃផលិតផលកម្ពុជាដែលកំពុងមានតម្រូវការខ្ពស់នៅទីផ្សារប្រទេសកាណាដា គឺចំនួនទឹកប្រាក់ធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ត្រូវរំពឹងថានឹងមានភាពវិជ្ជមានកាន់តែខ្លាំងនៅពេលអនាគត។
កាណាដា ជាប្រទេសដែលតែងបញ្ជាទិញផលិតផលវាយនភណ្ឌពីប្រទេសកម្ពុជាច្រើន ដូច្នេះនៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកល្អប្រសើរឡើងវិញ ខ្ញុំគិតថានឹងមានអ្នកវិនិយោគពីកាណាដាជាច្រើនចូលមកបញ្ជាទិញ ឬបើកអាជីវកម្មនៅកម្ពុជា។ បើតាមការលើកឡើងបន្តរបស់ លោក លឹម ហេង បានបន្ថែមថា ក្រៅពីផលិតផលវាយនភណ្ឌ កម្ពុជាក៏បាននាំចេញផលិតផលមួយចំនួនទៀតទៅកាន់ប្រទេសកាណាដា រួមមាន៖ កង់ គ្រឿងដង្គុំអគ្គិសនីអេឡិចត្រូនិក និងផលិតផលកសិកម្ម។ ចំណែកទំនិញនាំពីកាណាដា មានដូចជា៖ រថយន្ត គ្រឿងសំណង់ និងគ្រឿងបរិក្ខារប្រើបច្ចេកវិទ្យាទំនើបៗ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កាណាដា នៅឆ្នាំ២០២១ មានទឹកប្រាក់សរុប ៩៩៤.៧២លានដុល្លារកើនឡើង ២៣,៣% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅកាណាដា មានទឹកប្រាក់ ៩៥៤.៨៣ លានដុល្លារ កើនឡើង ២៧,១% ហើយទំនិញដែលកាដាណានាំមកកម្ពុជាមានទឹកប្រាក់ ៣៩.៨៩លានដុល្លារ ថយចុះ ២៨,២%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)