ភ្នំពេញ៖ ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០២២ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-វៀតណាម មានចំនួនសរុប ៥,០០១.៨៧លានដុល្លារ កើន ២០,៥% ពីចំនួន ៤,១៤៩.៦៣លានដុល្លារ ដោយក្នុងនោះការនាំទំនិញពីកម្ពុជាទៅវៀតណាម មានទឹកប្រាក់ ១,៦៦៤.៤៤លានដុល្លារ កើន ២,៨% និងការនាំចូលពីវៀតណាម មាន ៣,៣៣៧.៤៣លានដុល្លារ កើន ៣១,៩%។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទោះបីទឹកប្រាក់នាំទំនិញពីវៀតណាមមកកម្ពុជាមានចំនួនច្រើនជាងការនាំចេញពីកម្ពុជាទៅវៀតណាម ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានោះទេ ព្រោះកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការនាំចូលវត្ថុធាតុដើមជាច្រើនដើម្បីបម្រើឱ្យការផលិត និងកែច្នៃសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
គម្លាតទឹកប្រាក់នាំចេញនាំចូលទំនិញរវាងប្រទេសទាំងពី នឹងត្រូវកាត់បន្ថយខ្លះមកវិញនៅអំឡុងចុងឆ្នាំ ដែលជាពេលកម្ពុជាប្រមូលផលកសិកម្មជាច្រើនយកទៅលក់នៅវៀតណាម។ បើតាមការលើកឡើងបន្តរបស់ លោក លឹម ហេង បានបញ្ជាក់ថា កសិផលជាទំនិញចម្បងគេដែលកម្ពុជានាំចេញទៅលក់នៅវៀតណាម ចំណែកផលិតផលដែលវៀតណាមនាំមកកម្ពុជា មានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្តកសិកម្ម ជាដើម។
ការកើនឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មរវាងប្រទេសមានព្រំដែនជាប់គ្នាទាំង ២ គឺដោយសារតែភាពល្អប្រសើរនៃទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំង ២ ក៏ដូចជាផ្នែកឯកជន។ ទំហំទឹកប្រាក់នេះនឹងបន្តកើនឡើងខ្ពស់ថែមទៀត ដោយសារកម្ពុជា និងវៀតណាម ជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។ បើតាម ការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។
សម្រាប់ការនាំចេញរបស់កម្ពុជា ដែលមានចំនួនតិចជាងការនាំចូលរបស់វៀតណាម គឺដោយសារប្រទេសវៀតណាម មានកម្លាំងផលិតកម្មច្រើនជាងកម្ពុជា។ បើតាមការបញ្ជាក់ របស់ ហុង វណ្ណៈ បានបន្ថែមថា ទោះយ៉ាងណាតាមរយៈអ្វីដែលកម្ពុជាកំពុងខិតខំ (ការធ្វើពិពិធកម្មទំនិញ) លោករំពឹងថា គម្លាតនេះនឹងត្រូវកាត់បន្ថយជាបណ្តើរៗ។
សូមរម្លឹកថា ក្នុងឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៥,១២៨លានដុល្លារ កើន ៣១,២% បើធៀបឆ្នាំ២០២០ ក្នុងនោះកម្ពុជានាំទៅវៀតណាម ១,៩៨៥.០៨លានដុល្លារ កើន ៥៨,៦% និងវៀតណាមនាំចូលវិញមានចំនួន ៣,១៤៣.៥៣លានដុល្លារ កើនឡើង ១៨,៤%៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)