ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។
ការថ្លែងខាងលើរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្នុងឱកាសដែល លោក បានថ្លែងសុន្ទរកថាក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ កាលពីទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
នាឱកាសនោះ លោក សាយ សំអាល់ បានជំរុញឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ផ្តល់ថវិកាដូចការសន្យាឱ្យបានឆាប់រហ័សដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ ពិសេសការប្ដេជ្ញាចិត្តផ្តល់ថវិកា១០០ពាន់លានដុល្លារ ដូចដែលបានសន្យាឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ បើតាមការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា។
ជាការឆ្លើយតប កម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ ផែនការនានា។ បើតាមការលើកឡើងរបស់ លោក សាយ សំអាល់។
លោក បានបន្ថែមថា ជាអាទិ៍យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។
រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានបន្ថែមទៀតថា ជាមួយគ្នានេះដែរក្នុងនាមជាប្រធានអាស៊ានប្តូរវន កម្ពុជាបានផ្តួចផ្តើម កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព។
លោក បានថ្លែងគូសបញ្ជាក់ថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ពីរទសវត្សរ៍ចុងក្រោយកម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងជានាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។
គួររម្លឹកថា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនៅខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២ បានលើកឡើងថា អាស៊ាន គួរតែពិចារណាទៅលើគំនិតផ្តួចផ្តើម ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)។ ព្រោះថា ការធ្វើឡើងបែបនេះ ដោយយោងទៅលើស្ថានភាពបច្ចុប្បន្ន ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្តែងការជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអនុញ្ញាតឱ្យតំបន់របស់អាស៊ាន អាចប្រែក្លាយខ្លួនបន្តិចម្តងៗឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងការប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។
ដោយឡែក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅ កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យមានការបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឱ្យតំបន់របស់អាស៊ាន ធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)