Register Already an agent ? Login

កម្ពុជា នាំទំនិញទៅអាមេរិក សម្រេចបានទឹកប្រាក់ ៦,០៧៥លានដុល្លារ ១០ខែ កើនជិត២៥% ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជា បាននាំទំនិញទៅអាមេរិក សម្រេចបាននូវទឹកប្រាក់ ៦,០៧៥លានដុល្លារ រយៈពេល ១០ខែឆ្នាំ២០២២ កើនជិត​២៥% បើធៀបនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅក្នុងរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសូឡា និងផលិតផលកសិកម្ម។

ចំណែកមុខទំនិញ សំខាន់ៗដែលកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជា៖ រថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។

នៅ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៧,៨២៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន ៧, ៤៩០លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានជាង ៣៣៦លានដុល្លារ។

បើតាមរបាយការណ៍បានបន្ថែមថា ប្រទេសដែលកម្ពុជានាំចេញច្រើន បន្ទាប់ពី អាមេរិកមាន គឺប្រទេសវៀតណាម មានចំនួន ១,៦៦៤លានដុល្លារ ប្រទេសជប៉ុន មានចំនួន ៩៨៨លានដុល្លារ ប្រទេសចិន មានចំនួន ៩៨៧លានដុល្លារ ប្រទេសកាណាដា មានចំនួន ៩៤៥លានដុល្លារ ប្រទេសអាល្លឺម៉ង់ ចំនួន ៩១៤ និងប្រទេសអង់គ្លេសមានចំនួន ៧៦៣លានដុល្លារ។

កម្ពុជា បានសម្រេចការនាំចេញ ជាមួយនឹងបណ្ដាប្រទេសដៃគូសំខាន់ៗ ចំនួន ១៨,៧៤៧លានដុល្លារ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ មានការកើនឡើងចំនួន ១៩.២% បើធៀបនឹងឆ្នាំ២០២១ មានចំនួន ១៥,៧២១លានដុល្លារ។ ប៉ុន្តែ ការនាំចូលវិញ កម្ពុជាបាននាំចូលជាមួយនឹងបណ្ដាប្រទេសដៃគូសំខាន់ៗ ចំនួន ២៥,៨១៧លានដុល្លារ មានការកើនឡើងចំនួន ១២% បើធៀបនឹងឆ្នាំ២០២១ មានចំនួន ២៣,០៥៩លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)