ព្រះសីហនុ៖ ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០២២ ការនាំចូល-នាំចេញទំនិញរបស់រោងចក្រ/សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានតម្លៃសរុប ២,០៦៩លានដុល្លារ កើនឡើង ១៧,០៩% ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ១,៧៦៧លានដុល្លារ។ បើតាមទិន្នន័យរបស់រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)។
ទោះបីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះសកម្មភាពនាំចូល-នាំចេញនៅ SSEZ មិនមមាញឹកដូចអំឡុងឆមាសទី១ ប៉ុន្តែ សរុបជារួមវានៅតែមានសញ្ញាវិជ្ជមានបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈអ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា ទឹកប្រាក់នាំចូល-នាំចេញជាមធ្យមប្រចាំខែរបស់ SSEZ បានធ្លាក់ពី ២២៩លានដុល្លារ ក្នុងឆមាសទី១ មកនៅត្រឹម ១៧៤លានដុល្លារ ក្នុងអំឡុងខែកក្កដា ដល់ខែតុលា។
ភាពរអាក់រអួលនៃការនាំចេញទំនិញទៅទីផ្សារអន្តរជាតិនាពេលនេះ គឺដោយសារតម្រូវការនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ព្រោះតែភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ បើតាមការបញ្ជាក់របស់ លោក ហុង វណ្ណៈ។
លោក បានលើកឡើងបន្តទៀតថា ដោយសារផលិតផលកម្ពុជាទាក់ទាញចំណាប់អារម្មណ៍កាន់តែច្រើនពីអ្នកប្រើប្រាស់លើពិភពលោក ព្រមទាំងការចូលជាធរមានជាបន្តបន្ទាប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រមទាំងកិច្ច-ព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅខែធ្នូខាងមុខនឹងជួយឱ្យការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានសម្ទុះកាន់តែខ្លាំងនៅពេលអនាគត។
ក្រុមហ៊ុន/សហគ្រាសកំពុងវិនិយោគនៅក្នុង SSEZ មានភាគច្រើនមកពីប្រទេសចិន ថៃ និងកូរ៉េ និងមានរោងចក្រផលិតផលមួយចំនួនដូចជា គ្រឿងបរិក្ខារអគ្គិសនី សម្លៀកបំពាក់ គ្រឿងសង្ហារិម និងបរិក្ខារធ្វើដំណើរ ជាដើម។ បើតាមការថ្លែងរបស់ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។
កត្តាភូមិសាស្ត្រនៅជាប់កំពង់ផែសមុទ្រទឹកជ្រៅ ព្រមទាំងលក្ខណៈអំណោយផលនៃច្បាប់វិនិយោគ និងកត្តាកម្លាំងពលកម្មសម្បូរបែបនៅកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនចូលមកបណ្ដាក់ទុនក្នុងខេត្តព្រះសីហនុ។ បើតាមការថ្លែងបន្តរបស់ លោក ឡុង ឌីម៉ង់ បានបន្ថែមថា សកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុ នឹងមានភាពមមាញឹកខ្លាំងឡើងវិញ នៅពេលការរឹតបន្តឹងនៅប្រទេសចិនស្តីពីកូវីដ-១៩ មានភាពធូរស្រាល និងសេដ្ឋកិច្ចពិភពលោកមានភាពច្បាស់លាស់ឡើងវិញ។
ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២ ការនាំចូល-នាំចេញរបស់កម្ពុជាមានទឹកប្រាក់សរុប ៤៤,៥៦៥.២៩លានដុល្លារ កើន ១៤,៩% បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះការនាំចូលចំនួន ២៥,៨១៧.៧២លានដុល្លារ កើន ១២% និងការនាំចេញ ១៨,៧៤៧.៥៦លានដុល្លារ កើន ១៩,២%៕ បើតាមរបាយការរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)