ព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិត លើកទឹកចិត្ត និងដោះស្រាយបញ្ហាប្រឈមនៃគម្រោងវិនិយោគរបស់វិស័យឯកជន ដែលជាប់គាំងនៅខេត្តព្រះសីហនុ។ បើយោងតាមលិខិតលេខ៨៧១ ស ជណ ហធ ចុះថ្ងៃទី១២ តុលា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាប្រចាំការ ទីស្ដីការគណៈរដ្ឋមនរដ្ឋមន្រ្តី។
នៅក្នុងលិខិតនោះ បានបញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំយន្តការអន្តរក្រសួង ស្ថាប័នមួយ ក្រោមឆត្រនៃគណៈកម្មាធិការគោលនយោបាយ ដែលដឹកនាំដោយ ក្រសួងសេដ្ឋកិច្ច និងមានការចូលរួមពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ ក្រសួងយុត្តិធម៌ និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់។
បើតាមលិខិតបានបញ្ជាក់ថា «គណៈកម្មាធិការគោលនយោបាយនេះ មានភារកិច្ចសិក្សាលំអិត និងលើកអនុសាសន៍ស្តីពី វិធានការណ៍ជាកញ្ចប់របស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាប្រឈមនេះ ព្រមទាំងដឹកនាំសម្របសម្រួល ជម្រុញការអនុវត្តន៍ ផ្សព្វផ្សាយ និងលើកកម្ពស់ការចូលរួមរបស់តួអង្គពាក់ព័ន្ធ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញវិធានការណ៍ខាងលើនេះ»។
នៅក្នុងលិខិតដដែល បានបន្តថា ត្រូវមានវិធានការណ៍គោលនយោបាយបន្ថែមរបស់រាជរដ្ឋាភិបាល ដោយផ្តល់ការលើកទឹកចិត្តដល់ម្ចាស់អាគារ ឬនិងគំរោងវិនិយោគ ដែលជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីជំរុញវិនិយោគបង្កើតតម្រូវការ និងបង្កើនជំនឿទុកចិត្តសំដៅស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
ពិសេស ក្នុងខណៈពេលដែលកម្ពុជានៅបន្តទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គោលនយោបាយសូន្យកូវីដរបស់ចិន និងម្យ៉ាងស្ថានភាពជាប់គាំងមានរយៈពេលច្រើនឆ្នាំ ហើយខេត្តព្រះសីហនុ កំពុងស្ថិតក្នុងដំណាក់កាលមេ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង។ បើតាមការបន្ថែមនៅក្នុងលិខិតដដែល។
ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តធ្វើការសិក្សាឱ្យបានច្បាស់លាស់អំពីវិធានការណ៍នេះ ដើម្បីគ្រប់គ្រងប្រសិទ្ធភាពនៃការលើកទឹកចិត្ត ជៀសវាងផលរាលដាល និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិសាលភាពឬនិយមន័យអាគារ និង ឬគំរោងជាប់គាំង ក្របខ័ណ្ឌពេលវេលា លក្ខណៈវិនិច្ឆ័យ និងទំហំនៃការផ្តល់ការលើកទឹកចិត្ត និងយន្តការគ្រប់គ្រង តាមដានត្រួតពិនិត្យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)