ភ្នំពេញ៖ វឌ្ឍនភាព គម្រោងធ្វើផ្លូវក្រវាត់ទី៣ សម្រេចបាន ៧៧ភាគរយ ជាមួយគ្នានោះ ការសង់ស្ពានឆ្លងកាត់ផ្លូវជាតិសម្រេចបាន ៨៨ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល បាននៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បន្តទៀតថា ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ និងផ្លូវរបៀងសំខាន់ៗ ជារបៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង របស់មហាអនុតំបន់មេគង្គផងដែរ។
បើតាម លោក ស៊ុន ចាន់ថុល បានថ្លែងបន្ថែមថា ផ្លូវក្រវាត់ក្រុងទី៣នេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។
លោក ទេសរដ្ឋមន្រ្តីបានបន្ថែមទៀតថា គម្រោងនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមបញ្ជាក់ថា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។
គម្រោងផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង ២៦៧លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)