ភ្នំពេញ៖ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគអារ៉ាប់រួមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលអាជីវកម្មរបស់កម្ពុជាឱ្យបានពេញលេញ ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអារ៉ាប់រួម។
ការថ្លែងខាងលើរបស់ លោក ប៉ាន សូរស័ក្តិ បានអញ្ជើញចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) ដែលប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ព្រមទាំងបានអំពាវនាវឱ្យធុរជន និងវិនិយោគិនអារ៉ាប់រួមផ្សេងទៀត ដែលមិនទាន់បានប្រកបអាជីវកម្មនៅកម្ពុជា ទៅសិក្សាពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាដោយផ្ទាល់។
នៅក្នុងវេទិកានោះ លោក ប៉ាន សូរស័ក្តិ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានរៀបចំវេទិកាធុរកិច្ចកម្ពុជា-អារ៉ាប់រួមឡើង ដើម្បីស្វែងយល់បន្ថែមអំពីឱកាសធ្វើអាជីវកម្ម និងការវិនិយោគ ក៏ដូចជាការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលញ៉ាំងឱ្យកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។ បើតាមការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានគូសបញ្ជាក់ថា ជាក់ស្ដែងទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អារ៉ាប់រួម ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ បានកើនឡើងដល់ជិត ២៨០លានដុល្លារ កើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
នៅក្នុងវេទិកានោះ លោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រៅប្រទេសអេមីរ៉ាតអារ៉ាប់រួម បានធ្វើការស្វាគមន៍ចំពោះការមកកាន់វេទិកាធុរកិច្ចកម្ពុជា-អារ៉ាប់រួម ដែលជាវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សាអំពីកិច្ចសហការជាមួយគ្នា ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំរវាងប្រជាជាតិទាំងពីរ។
បច្ចុប្បន្នអារ៉ាប់រួមគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលមានចំនួន ៧៧% នៃពាណិជ្ជកម្មរបស់កម្ពុជា ជាមួយតំបន់ឈូងសមុទ្រ។ បើតាមការថ្លែងរបស់ លោក Thani bin បានលើកឡើងឱ្យដឹងថា ចំពោះការវិនិយោគរបស់កម្ពុជាទៅកាន់អារ៉ាប់រួម មានចំនួនសរុបជិត ១លានដុល្លារ នៅចុងឆ្នាំ២០២០ ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ ហើយការវិនិយោគរបស់អារ៉ាប់រួមនៅកម្ពុជាវិញ មានចំនួនសរុបប្រមាណ ២.៧លានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំ២០២២ ក៏ស្ថិតក្នុងវិស័យអចលនទ្រព្យ ផងដែរ។
លោក បានបន្ថែមថា ក្រៅពីសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មទំនិញធ្វើដំណើរ កសិកម្ម និងសន្តិសុខស្បៀងនៅតែជាផ្នែកសំខាន់នៃការផ្ដោតអារម្មណ៍សម្រាប់ឱកាសបង្កើនភាពជាដៃគូវាងអារ៉ាប់រួម-កម្ពុជា ផងដែរ។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសភាពាណិជ្ជកម្ម UAE ដែលបានចូលរួមវេទិកានោះ បានថ្លែងថា ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានជំរុញឱ្យធុរជនទាំងអស់ ចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងការវិនិយោគអាស៊ាន ដែលនឹងធ្វើឡើងចាប់ពីនៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែច្រើន។
វេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានរៀបចំឡើងចំពេលដ៏ត្រឹមត្រូវនៃការចាប់ផ្តើមការចរចារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងពាណិជ្ជកម្មឌីជីថល ព្រមទាំងនឹងផ្តល់នូវការយល់ដឹងអំពីវិស័យសក្តានុពល និងកាលានុវត្តភាពនៅកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ផងដែរ៕ បើតាមការគូសបញ្ជាក់របស់ លោក គិត ម៉េង។
ដោយ៖ មឿន ឌីណា (Moeun Dyna)