Register Already an agent ? Login

លោក គួច ចំរើន គាំទ្រលើកគម្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគាំទ្រលើគម្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុន LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយពីបានស្តាប់បទបង្ហាញដែលធ្វើឡើងដោយតំណាងក្រុមហ៊ុន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

តំណាងក្រុមហ៊ុនខាងលើដែលបានធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំបានឱ្យដឹងថា គម្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទល់មុខនឹងអគាររបស់ក្រុមហ៊ុន មានទំហំទទឹង ១០០ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរប្រមាណ ២០ម៉ែត្រ។

តំណាងក្រុមហ៊ុន បានលើកឡើងឱ្យដឹងថា នៅលើសមុទ្រដែលមានកីឡាដូចជា ប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ទូកពោង ពោងបណ្ដែតលើទឹក ទោងជិះកម្សាន្ត និងទូកក្ដោងជាដើម។ ក្រុមហ៊ុន មានបុគ្គលិកសម្អាតឆ្នេរជាប្រចាំ និងមានឆ្មាំសម្រាប់ជួយសង្គ្រោះផងដែរ។

គម្រោងវិនិយោគកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ នឹងជួយទាក់ទាញទេសចរចូលមកកំសាន្តនៅខេត្តកាន់តែច្រើនឡើង។ បើតាមការបញ្ជាក់ពីតំណាងរបស់ក្រុមហ៊ុន។

បន្ទាប់ពីស្តាប់បទបង្ហាញ អង្គប្រជុំបានពិភាក្សា និងសម្រេចរួមមាន៖

-គាំទ្រចំពោះគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក

-ក្រុមហ៊ុនត្រូវដាក់ពាក្យចុះបញ្ជីវិនិយោគ តាមយន្តការអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ

-បន្ទាប់ពីក្រុមហ៊ុនដាក់ពាក្យចុះបញ្ជីរួច អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវបើកកិច្ចប្រជុំពិនិត្យលើសំណើរបស់ក្រុមហ៊ុន និងពិភាក្សាលើលក្ខខណ្ឌដែលត្រូវអនុវត្ត

-អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវពិភាក្សាឆ្លងយោបល់ផ្លូវច្បាប់ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានអនុវត្តនីតិវិធីបន្ត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)