Register Already an agent ? Login

លោកស្រី មិថុនា ភូថង ស្វាគមន៍ក្រុមហ៊ុនចិន មានបំណងបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី នៅខេត្តកោះកុង

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសម្ដែងនូវការស្វគមន៍ លោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile មានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម គ្រោងបង្កើតរោងចក្រ និងដំឡើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង។

នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោកស្រី មិថុនា ភូថង បានមានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវគារវៈកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោក លីវ ឈាន់ហ្វូ និងគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន។

លោកស្រី បានមានប្រសាសន៍បន្តថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាការបើកឱកាសមួយសម្រាប់រដ្ឋបាលខេត្តកោះកុង ដើម្បីកសាងទំនាក់ ទំនងល្អប្រសើរ និងដើម្បីអាចឱ្យក្រុមហ៊ុនវិនិយោគចិនបានឈ្វេងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពលនានាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង។

នាឱកាសនោះ លោកស្រី មិថុនា ភូថង បានបង្ហាញពីសក្តានុពលអំពីអភិបាលខេត្តកោះជាច្រើនរួមមាន៖ កោះកុងជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រ និងថៃ និងខាងជើងជាប់ខេត្តពោធិ៍សាត់។

ខេត្តកោះកុងមានក្រុង១ ស្រុក៦ ឃុំ២៦ សង្កាត់៣ និងចែកជា ១១៩ភូមិ មានផ្ទៃដីសរុប ១០.០៤៥,៥៨គីឡូម៉ែត្រការ៉េ មានប្រជាជនសរុប ១៤៣.៤៩២នាក់ ស្រី ៧២,៤៨៥នាក់ ដង់ស៊ីតេប្រជាជន ១៣នាក់/គីឡូម៉ែត្រការ៉េ និងមានអត្រាភាពក្រីក្ររង្វង់ ៧,៤% ក្នុងឆ្នាំ២០២២។

ប្រជាជនប្រមាណ ៥៥,៥% ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្មដែលជាវិស័យចម្បង ក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីវិស័យកសិកម្ម នៅមានវិស័យផ្សេងៗទៀតដូចជាវិស័យឧស្សាហកម្ម ០,៣% វិស័យសេវាកម្ម ៤៤,២% ក្នុងនោះកម្លាំង ពលកម្មដែលជាកម្មករ កម្មការិនី បំរើក្នុងរោងចក្រ សហគ្រាស និងវិស័យឯកជនមានប្រមាណ ១៥,១% នៃប្រជាជនសរុប។

ក្នុងបរិយាកាសនោះ អភិបាលខេត្តកោះកុង បានលើកឡើងឱ្យដឹងទៀតថា វិស័យរ៉ែ និងថាមពល បានផ្ដល់ភាពទូលំទូលាយ ដល់អ្នកវិនិយោគទាំងឡាយ ដើម្បីអភិវឌ្ឍវារីអគ្គិសនីខ្នាតតូច និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយ គុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិមានតម្លៃថោកសមរម្យ និងមានសេវាកម្មទំនើបគ្របដណ្តប់ទូទាំងខេត្ត មានដួចជា៖ ១-វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម មានអានុភាពតម្លើង ៣៣៨មេហ្គាវ៉ាត់, ២-វារីអគ្គិសនីគិរីរម្យ៣ មានអានុភាពតម្លើង ១៨មេហ្គាវ៉ាត់, ៣-វារីអគ្គិសនីស្ទឹងតាតមានអានុភាពដំឡើង ២៤៦មេហ្គាវ៉ាត់។

បន្ថែមពីនេះ លោកស្រី មិថុនា ភូថង ក៏បានលើកឡើងឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២១ ខេត្តមានឧស្សាហកម្មធុនធំចំនួន ៧រោងចក្រ សហគ្រាស មានចំនួនកម្មករ និយោជិតចំនួន ១០,៨៤៣នាក់ ដែលក្នុងនោះមានរោងចក្រដំឡើងរថយន្ត ដង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិក វាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់ សម្ភារកីឡា។ល។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ដែលមានចំនួន៧៥៥មូលដ្ឋាន។

កោះកុង ជាខេត្តដែលស្ថិតនៅបែកនិរតីនៃប្រទេសកម្ពុជា មានចំងាយប្រមាណ ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយមានខ្សែផ្លូវជាតិដ៏សំខាន់ចំនួន២ ក្នុងការតភ្ជាប់គឺផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ក្នុងនោះខេត្តកោះកុងក៏មានព្រលានយន្តហោះខ្នាតអន្តរជាតិចំនួន ១គឺព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ នៃក្រុមហ៊ុនយូញៀន ក្នុងស្រុកគិរីសាគរ។ បើតាមការបន្ថែមរបស់ លោកស្រី មិថុនា ភូថង។

ក្រៅពីផ្លូវ គោក និងផ្លូវអាកាស ខេត្តកោះកុង ក៏កំពុងត្រូវបានសាងសង់កំពង់ផែទឹកជ្រៅ និងផ្លូវនាវាចរ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតផងដែរ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កម្ពុជា–ថៃ ក៏ជាច្រកព្រំដែនដ៏សំខាន់មួយក្នុងនោះការដោះដូរទំនិញ កសិកម្ម ការវិនិយោគ និងពាណិជ្ជកម្មចម្រុះ។ បើតាមការបន្ថែមទៀតរបស់ អភិបាលខេត្តកោះកុង។

អភិបាលខេត្តកោះកុង បានគូសបញ្ជាក់ថា ខេត្តបាននឹងកំពុងធ្វើការទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តត្រាត ប្រទេសថៃ ក្នុងការបង្កើនបរិយាកាសកក់ក្ដៅសម្រាប់ការធ្វើអាជីវកម្ម រវាងប្រទេសទាំងពីរ។ បន្ថែមលើសនេះទៀត ខេត្តបានពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយខេត្តកាម៉ៅ និងខេត្តគៀនយ៉ាងនៃប្រទេសវៀតណាម និងខេត្តជីលីន ខេត្តយូណាន នៃប្រទេសចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)