Register Already an agent ? Login

ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ថៃ មានទឹកប្រាក់ជាង ៣,៦ពាន់លានដុល្លារ កើនជាង ២៧% ៩ខែឆ្នាំ២០២២

ភ្នំពេញ៖ ការដោះដូរ​ទំនិញ​ទ្វេភាគី​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​ជាង ៣,៦ពាន់​លាន​ដុល្លារ ​រយៈពេល​ ៩ខែ​ដើម​ឆ្នាំ២០២២ កើន​ជាង ២៧% ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២១ មាន​ទឹកប្រាក់​ជាង​ ២,៨ពាន់​លាន​ដុល្លារ​។ បើតាមរបាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​

នៅរបាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បានបន្តឱ្យដឹងថា ក្នុងនោះ​ទឹកប្រាក់​ដែល​កម្ពុជា​នាំចេញ​មាន​ចំនួន​ជាង ៦៥៥​លាន​ដុល្លារ កើនឡើង​ពី​ជាង ៤៧៦លាន​ដុល្លារ ឬ​ស្មើ ៣៧,៦% ខណៈ​ការ​នាំចូល​មាន​ទឹកប្រាក់​ជិត ៣​ពាន់​លាន​ដុល្លារ ​កើន​ពី​ជិត ២,៤​ពាន់​លាន​ដុល្លារ ស្មើនឹង​កំណើន ២៥%​។

ចាប់​តាំងពី​ស្ថានភាព​ជំងឺ​កូវីដ-១៩ មាន​ភាពធូរស្រាល សកម្មភាព​ដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ ​មាន​សម្ទុះ​គួរឱ្យ​កត់សម្គាល់​។ បើតាម ការថ្លែងរបស់ លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ ដែលបានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ បានបន្តថា កន្លងមក​ការបង្កើត​មជ្ឈមណ្ឌល​ប្រឹក្សា​ធុរកិច្ច​កម្ពុជា​ (CCB) ក៏​ជួយ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​ក្នុងស្រុក​យើង​ចូល​ទីផ្សារ​ថៃ​កាន់តែ​ច្រើន​ដើម្បី កាត់បន្ថយ​ការហូរចូល​ពី​ថៃ​។

បន្ទាប់ពី​កូវីដ​-១៩ បាន​ធូរស្បើយ​ចាប់ពី​ដើមឆ្នាំ​២០២២ រហូត​មកដល់​ពេលនេះ​យើង​សង្កេតឃើញ​សម្ទុះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពី ​កើនឡើង​ខ្លាំង​។ យើង​ក៏​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ធំៗ​របស់​ថៃ​ដូចជា៖ 7Eleven និង Big C ជួយ​ដាក់លក់​ផលិតផល​យើង​ ដើម្បី​លើកស្ទួយ​ផលិតផល​យើង​នៅ​ទីផ្សារ​អន្តរជាតិ​​។ បើតាមការថ្លែងបន្តរបស់ លោក អ៊ូក សោភ័ណ្ឌ។

សូមរម្លឹកថា ក្នុង​កិច្ចប្រជុំ​ជាមួយ​វិនិយោគិន​ថៃ ​កាលពី​ខែសីហា ឆ្នាំ២០២២ ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ទឹកចិត្ត និង​ស្វាគមន៍​វិនិយោគិន​ថៃ​ដែល​មាន​សក្តានុពល​ក្នុង​ការចូល​មក​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពី ​បាន​កើនឡើង​ពី ៣,៤៩​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២០ ដល់ ៣,៨៥​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)