ភ្នំពេញ៖ រយៈពេល ៩ខែឆ្នាំ២០២២ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-ជប៉ុន សម្រេចបានជិត ១,៤៩៩.៥លានដុល្លារ កើនជាង ១៥,១% ធៀបទៅនឹងឆ្នាំ២០២១ សម្រេចបាន ១,៣០២.៦៧ លានដុល្លារ។ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
នៅក្នុងរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ឱ្យដឹងថា ទឹកប្រាក់ដែលកម្ពុជានាំទៅជប៉ុន មានចំនួន ៨៩៧,៦៩លានដុល្លារ កើនឡើង ៨,៥% ពីចំនួន ៨២៧,៤៩លានដុល្លារ និងការនាំពីជប៉ុនមកកម្ពុជា មានចំនួន ៦០១,៨ លានដុល្លារ កើន ២៦,៦% ពីចំនួន ៤៧៥,១៨លានដុល្លារ។
វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាបានកើនឡើងជាលំដាប់ ជាពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងជួយឱ្យការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារជប៉ុនមានកាន់តែច្រើន។ បើតាមការថ្លែងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍។
លោក បានគូសបញ្ជាក់ថា កំណើននៃការវិនិយោគរបស់ជប៉ុន គឺជាព័ត៌មានសំខាន់សម្រាប់វិនិយោគិនបរទេសមួយចំនួន ដែលតែងចាំមើលការបោះជំហានរបស់វិនិយោគិនជប៉ុន ព្រោះពួកគេយល់ថាប្រទេសណាដែលវិនិយោគិនជប៉ុនទៅបណ្ដាក់ទុនច្រើន គឺជាកន្លែងមានស្ថិរភាពនយោបាយ មានសុវត្ថិភាព មានច្បាប់វិនិយោគល្អ និងមានទីផ្សារនាំចេញរឹងមាំ។
ជប៉ុន គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផលកម្ពុជា ព្រោះមានទំនិញជាច្រើនមុខដែលកម្ពុជាបាននាំចេញទៅលក់នៅទីនោះ។ ចំនួនមុខទំនិញរបស់កម្ពុជានៅលើទីផ្សារជប៉ុននឹងមានចំនួនកាន់តែច្រើននៅពេលខាងមុខ។ បើតាមការថ្លែងបន្តរសរបស់ លោក លឹម ហេង បានឱ្យដឹងថា ផលិតផលសំខាន់ៗដែលកម្ពុជានាំទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងដង្គុំ និងកសិផល។ ចំណែកជប៉ុននាំចូលមកកម្ពុជាវិញមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម។
ជប៉ុន គឺជាប្រទេសដែលមានអ្នកមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេទី៥ បន្ទាប់ពីប្រទេសចិន កូរ៉េ សិង្ហបុរី និងវៀតណាម។ បើយោងតាមធនាគារជាតិនៃកម្ពុជា បានបន្តឱ្យដឹងថា ការវិនិយោគរបស់ជប៉ុននៅកម្ពុជាមានភាគច្រើនក្នុងវិស័យឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យលក់រាយ ផ្សារទំនើប សេវាកម្ម និងវិស័យភោជនីយដ្ឋាន ជាដើម។
សូមរម្លឹកថា ក្នុងឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១,៧៣៤.១៤លានដុល្លារ កើន ១,២%ធៀបឆ្នាំ២០២០ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅជប៉ុន មានទឹក-ប្រាក់ ១,០៩៣.៦២លានដុល្លារ កើន ៣% និងនាំចូលមានទឹកប្រាក់ ៦៤០.៥១លានដុល្លារ ធ្លាក់ចុះ ១,៦%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)