Register Already an agent ? Login

ផ្ទៃដីជាង ១ម៉ឺនហិកតា ក្នុងស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានកាត់ចូលរដ្ឋបាលខេត្តប៉ៃលិន

បាត់ដំបង៖ ផ្ទៃដីជាង ១ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានកាត់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តប៉ៃលិន។ បើតាមកិច្ចប្រជុំពិភាក្សាការងារ លើសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំខាងលើ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដើម្បីអនុវត្តន៍តាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យបានត្រឹមត្រូវសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

បើតាមកិច្ចប្រជុំបានឱ្យដឹងថា ផ្ទៃដីជាង ១ម៉ឺនហិកតា ដោយក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបងមានទំហំ ១,៣៧៦ហិកតា, ព្រំប្រទល់ដែលខេត្តប៉ៃលិន ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣,៦១៨ហិកតា, ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលតាមគោលធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតា។

លោក សក់ សេដ្ឋា បានមានប្រសាសន៍លើកឡើងថា ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពី គឺដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួននីមួយៗ ។

លោក បានបញ្ជាក់ថា ចំពោះនីតិវិធីនៃការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់ និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរី ក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិននេះ។

នាឱកាសនោះ លោក សក់ សេដ្ឋា បានណែនាំដល់រដ្ឋបាលខេត្តទាំងពីរ ទាំងរដ្ឋបាលស្រុក-ក្រុង ឃុំ-សង្កាត់ និងភូមិ ត្រូវយកចិត្តទុកដាក់អនុវត្តន៍នូវការងារនេះឱ្យបានល្អ និងបានណែនាំឱ្យមានការឯកភាពស្រុះស្រួលគ្នា រវាងអាជ្ញាធរនិងអាជ្ញាធរ ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ នៅទីនោះផងដែរ។

លោក សក់ សេដ្ឋា ព្រមទាំងប្រតិភូរដ្ឋបាលខេត្តទាំងពីរ ក៏បានអញ្ជើញចុះទៅពិនិត្យមើលនៅចំណុចទីតាំងដែលត្រូវកែសម្រួលព្រំប្រទល់រដ្ឋបាលរវាង រដ្ឋបាលខេត្តទាំង២ ផ្ទាល់ផងដែរដោយបានណែនាំបន្ថែមថា បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

លោក បានបន្ថែមថា ចំពោះការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អតាមស្ថានភាពជាក់ស្ដែងដើម្បីចៀសវាងក្នុងរយៈពេលអន្តរកាលនេះ មានការចូលទន្ទ្រាន កាប់បំផ្លាញព្រៃឈើ ហើយចំពោះកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាទាំងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីពិនិត្យផ្ទេររវាង រដ្ឋបាលខេត្តទាំងពីរ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់និងការគ្រប់គ្រងប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានភាពច្បាស់លាស់ម៉ត់ចត់ផងដែរ ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)