Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ សម្រេចបាន ៤៤% គ្រោងដាក់ឱ្យដំណើរការខែតុលាឆ្នាំ២០២៣

សៀមរាបវឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋាន​សៀមរាប-​អង្គរ លើ​ផ្ទៃដី ៧០០,០៦​ហិកតា ក្រោម​ទុនវិនិយោគ​ប្រមាណ ៨៨០​លាន​ដុល្លារ​ សម្រេច​បាន​ ៤៤%។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបន្តថា ​រំពឹង​កើនឡើង​ដល់ ៧០% ​នៅត្រឹម​ដំណាច់ឆ្នាំ​២០២២នេះ។

លោក ស៊ីន ចាន់សេរីវុត្ថា បានថ្លែងបន្តទៀតថា តាម​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​លើកដំបូង​នៅ​ខែ​តុលា ឆ្នាំ២០២៣ ប្រសិនបើ​ពុំមាន​ផលប៉ះពាល់​អ្វី​ជាយ​ថាហេតុ​កើតឡើង​។

ការ​សាងសង់​យឺត​ជាង​ផែនការ​បន្តិចបន្តួច​នេះ គឺ​បណ្តាល​មកពី​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការធ្វើ​ដំណើរ​របស់​ក្រុម​វិស្វករ​មកពី​ប្រទេស​ចិន​ ភាពយឺតយ៉ាវ​ក្នុងការ​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​សម្រាប់​សាងសង់ និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​ខ្ពស់ជាង​ពេល​ធម្មតា​។ បើតាមការលើកឡើងរបស់ លោក ស៊ីន ចាន់សេរីវុត្ថា។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ អាច​នឹង​ក្លាយជា Hub Airport មួយ​នៅក្នុង​តំបន់ ដោយសារ​អាកាសយានដ្ឋាន​ថ្មី​នេះ​មាន​ទំហំ​ធំ​ជាង​អាកាសយានដ្ឋាន​ចាស់​ច្រើនដង ដែល​ជា​កិត្យានុភាព​មួយ​ក្នុងការ​ទាក់ទាញ​ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍​។ បើតាម លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​។

លោក ធួន ស៊ីណាន បានលើកឡើងបន្តថា នៅពេល​អាកាសយានដ្ឋាន​ទៅដល់​តំបន់​ណា វា​នឹង​នាំ​ភាពទាក់ទាញ​បន្ថែម​ទៅដល់​តំបន់​នោះ ដោយ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​នេះ គឺជា​ការបង្កើត​ទីក្រុង​ថ្មី​មួយទៀត​ សម្រាប់​ខេត្តសៀមរាប​។ លោក បានបន្តទៀតថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-​អង្គរ​ គឺ​នៅ​ឆ្ងាយ​ពី​តំបន់​បេតិកភណ្ឌ ដែល​ជួយ​បាន​ច្រើន​ទៅ​ដល់​បេតិកភណ្ឌ​របស់​យើង ខណៈ​ព្រលានយន្តហោះ​ចាស់​អាច​បង្ក​ហានិភ័យ​រយៈពេល​វែង​ដល់​សំណង់​បេតិកភណ្ឌ​នេះ​។

សូមរម្លឹកថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI)។

អាកាសយានដ្ឋាន​នេះ​ មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​ប្រចាំ​ឆ្នាំ​រយៈពេល​ខ្លី-​មធ្យម ៧លាន​នាក់ ​ក្នុង១​ឆ្នាំ ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង ៥០០​លាន​ដុល្លារ និង​រយៈពេល​វែង​ទទួលបាន ២០លាន ​នាក់​ក្នុង ១​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង ៣០០លាន​ដុល្លារ​ បន្ថែមទៀត​។

សម្រាប់​សមត្ថភាព​ទទួល​ទំនិញ​ប្រចាំឆ្នាំ​វិញ​គឺ​ក្នុង​រយៈពេល​ខ្លី​-​មធ្យម ១០,០០០​តោន ​ក្នុង១​ឆ្នាំ និង​រយៈពេល​វែង ៦០,០០០តោន​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)