ភ្នំពេញ៖ យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលមិនទាន់បានធ្វើសវនកម្មដែលបានផ្ញើទៅផ្សារមូលបត្រកម្ពុជា ប្រាក់ចំណូលសរុបរបស់ កំពង់ផែស្វយ័តភ្នំពេញ ដែលជាចំណូលពីប្រតិបត្តិការផែមានតម្លៃជាង ២៥លានដុល្លារ កើនឡើង ២៦%។ ចំណូលពីអាជ្ញាធរផែមានតម្លៃជាង ៣,១៩លានដុល្លារ កើនឡើង ២០% ចំណូលពីសេវាកម្មផ្សេងៗមានតម្លៃ ២១២,២៨៧ដុល្លារ ធ្លាក់ចុះ ១៣% ចំណូលផ្សេងៗមានតម្លៃជិត ១,៩លានដុល្លារ ធ្លាក់ចុះ ១៣%។
កំពង់ផែស្វយ័តភ្នំពេញ គ្រោងនឹងពង្រីកចំនួនចំណតផែរណបក្រោមការត្រួតពិនិត្យរបស់ខ្លួនចំនួន៧ ដើម្បីធានាបាននូវភាពងាយស្រួលកាន់តែច្រើនសម្រាប់អតិថិជន និងកាត់បន្ថយការចំណាយ និងសន្សំពេលវេលា។
បើតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៩ខែដំបូង បរិមាណដឹកជញ្ជូនទំនិញ និងប្រេងឥន្ធនៈតាមរយៈកំពង់ផែមានជាង ៣លានតោន កើនឡើង ៥,២៣%។ នាវាផ្ទុកទំនិញឆ្លងកាត់មានចំនួន ២,៧៤៣ជើង កើនឡើង ៥៧,២៨%។
ជាមួយគ្នានោះ នាវាទេសចរណ៍មានចំនួន ១៦ ជើងកើនឡើង ១៦% បរិមាណកុងតឺន័រមានចំនួន ៣២៩,០៤៣ TEUs កើនឡើង ២៨,៣៣% និងបរិមាណអ្នកដំណើរមានចំនួន ៨៦៨នាក់ កើនឡើង ៨៦៨%៕
លោកស្រី គឹម សុផានីតា នាយិកា CSX ទទួលបន្ទុកប្រតិបត្តិការទីផ្សា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល ជាកាតាលីករក្នុងការជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ចកាន់តែប្រសើរ។
លោក ហ៊ឺ បាវី អគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ ធ្លាប់បានលើកឡើងថា អត្រាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កម្រិតខ្ពស់នៅក្នុងតំបន់ និងកន្លែងផ្សេងទៀតបានអភិវឌ្ឍន៍ក្នុងកម្រិតប្រកបដោយអត្ថន័យនៃភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយផលប៉ះពាល់ជំងឺកូវីដ-១៩ និងជំរុញឱ្យប្រទេសនានាចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងទូលំទូលាយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)