ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើលោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុជួយពន្លឿនហិរញ្ញប្បទាន លើគម្រោងជួសជុលស្តារឡើងវិញផ្លូវជាតិលេខ៣ ពីវាលរេញទៅត្រពាំងរពៅ ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរឱ្យបានឆាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកទំនិញបានល្អប្រសើរ។
ការស្នើសុំនេះធ្វើឡើងក្នុងពេល លោក គួច ចំរើន បានអនុញ្ញាតឱ្យ លោក Wang Zhiquan ចូលជួបសម្ដែងការគួរសម កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
ជាមួយការស្នើខាងលើ លោក គួច ចំរើន ក៏បានភ្ជាប់សំណើមួយទៀត សូមឱ្យលោក Wang Zhiquan ជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរណ៍ចិនមកខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើននាពេលខាងមុខ ក្នុងនោះដែរ បន្តកិច្ចសហប្រតិបត្តិការល្អ។
នៅក្នុងជំនួបនោះ លោក គួច ចំរើន បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អ។ ផ្តើមចេញពីគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ របស់លោក ស៊ី ជិនពីន ប្រធានាធិបតីចិន និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានសមិទ្ធផលជាច្រើនផ្លែផ្កាពីផ្នែកឯកជនផងដែរ។
លោក អភិបាលខេត្តព្រះសីហនុ បានលើកឡើងបន្តថា រយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិនិយោគ និងទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ វិនិយោគលើ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលបានដាក់ឱ្យដំណើរការសាកល្បងមានកម្លាំង ៧០០មេហ្គាវ៉ាត់។ ម្យ៉ាងទៀត ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដើម្បីបង្កើនសេដ្ឋកិច្ចរបស់កម្ពុជា។
នាឱកាសនោះ លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោក គួច ចំរើន នេះជាលើកទី១ ដែលរូបលោកនិងសហការីបានជួបសំណេះសំណាលជាផ្លូវការ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកាន់តែជិតស្និត និងរលូនហើយប្រទេសយើងទាំងពីរជាមិត្តដែកថែប។
លោក គូសបញ្ជាក់ថា ខេត្តព្រះសីហនុដើរតួនាទីនៃកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា ហើយការដាក់ឱ្យសាកល្បងផ្លូវល្បឿនលឿននេះជួយជំរុញអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើវិស័យទេសចរណ៍ និងដឹកជញ្ជូន ហើយក៏ជាចំណុចចាប់ផ្តើមបន្តកំណើនទៅមុខទៀត។
លោក Wang Zhiquan បានលើកឡើងថា ក្រោមការដឹកនាំរបស់ លោក គួច ចំរើន និងនាំឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ហើយសហគ្រាសចិនដែលកំពុងវិនិយោគនៅខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ហើយការប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នេះជាការផ្លាស់ប្តូររបស់ខេត្តព្រះសីហនុ។
លោក ក៏បានបង្ហាញពីការបេ្តជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការ និងជួយសម្របសម្រួលការងារនៅខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ និងបង្កើនយន្តការទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
សូមរម្លឹកថា គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ប្រវែង ២០គីឡូម៉ែត្រ លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា មានកំណាត់ផ្លូវប្រវែង ១៥គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥គីឡូម៉ែត្រ ភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោម ស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចមចម្បងមួយនាំឱ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជំនួបសន្ទនា និងអាហារការងារពេលព្រឹកជាមួយ លោក ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និង លោក ប្រាក់ សុខុន លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងបញ្ជាក់ថា ប្រទេសចិននឹងបញ្ជូនអ្នកបច្ចេកទេសជំនាញមកសិក្សា ផ្លូវជាតិលេខ៣ ត្រង់ចំណុចពីវាលរេញទៅត្រពាំងរពៅ។
ដោយ៖ មឿន ឌីណា (Moeun Dyna)