ភ្នំពេញ៖ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១០,២៥៧លានដុល្លារ កើនឡើងប្រមាណ ២,០១៥លានដុល្លារ ដែលស្មើនឹង ២៤.៥% រួមមានសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ។ តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
នៅក្នុងរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុល មានតម្លៃជាង ៥ពាន់លានដុល្លារ កើនឡើង ២១.១%, សម្លៀកបំពាក់ មិនធ្វើឡើងពីការចាក់ដោយម្ជុលមានតម្លៃជាង ២ពាន់លានដុល្លារ កើនឡើង ២៨.៤% និងស្បែកជើង មានតម្លៃជាង ១៣០០លានដុល្លារ កើនឡើង ៣២.៧%។
ការកើនឡើងការនាំចេញក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ គឺដោយសារការបញ្ជាទិញផលិតផលកាលពីចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២។ បើតាមការលើងឡើងរបស់ លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានបន្តថា ប៉ុន្តែ ៦ខែចុងក្រោយនេះ សម្រាប់ការបញ្ជាទិញផលិតផលស្បែកជើង បានធ្លាក់គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យរោងចក្រមួយចំនួន កាត់បន្ថយផលិតកម្ម ហើយរោងចក្រខ្លះបានកាត់បន្ថយបុគ្គលិកផងដែរ។
លោក បានគូសបញ្ជាក់ថា ផលប៉ះដែលវិស័យកាត់ដេរជួបប្រទះនាពេលនេះ គឺបណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនៅបន្តអូសបន្លាយ និងធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃ ជាហេតុនាំឱ្យរោងចក្រមួយចំនួន ត្រូវបាត់បង់ចំណូល។
កម្ពុជា កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការជំរុញការនាំចេញទៅកាន់ប្រទេសកាណាដា។ នៅឆ្នាំ២០២១ កម្ពុជាស្ថិតនៅលំដាប់ទី៤ ក្នុងការនាំចូលសម្លៀកបំពាក់ទៅកាណាដា ខណៈដែលបង់ក្លាដែសឈរនៅលំដាប់ទី២ និងវៀតណាមស្ថិតនៅលំដាប់ទី៣ នាំមុខក្នុងបរិមាណតិចតួចប៉ុណ្ណោះ។
បើតាមគេហទំព័រទីផ្សាររបស់ Fibre2Fashion TexPro កាណាដាបាននាំចូលសម្លៀកបំពាក់មានតម្លៃ ៩,៥៩៩ពាន់លានដុល្លារកាលពីឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ដែលមានតម្លៃ ១,០៤៧ពាន់លានដុល្លារ ស្មើនឹង ១០,៩១% នៃការនាំចូលសម្លៀកបំពាក់សរុបរបស់កាណាដា ខណៈដែលបង់ក្លាដែសផ្គត់ផ្គង់ ១៣,៣៨% មានតម្លៃ ១,២៨៤ពាន់លានដុល្លារ និងវៀតណាម ១២,៤៩% ស្មើនឹង១,១៩៩ពាន់លានដុល្លារ។
បើតាមការចុះផ្សាយរបស់ Tex 2Fashion Pro ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកាណាដាបានកើនឡើង ២២,៦១ ភាគរយ ក្នុងរយៈពេល៨ខែឆ្នាំនេះ។ ក្នុងនោះការនាំចេញសម្លៀកបំពាក់បានកើនឡើង ២០,០៦ ភាគរយ បើធៀបឆ្នាំ ២០២១ មានត្រឹម ១,០៤៧ពាន់លានដុល្លារ។
បើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកាណាដា សម្រេចបានក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៩០០លានដុល្លារ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២។ ទំហំនេះ បានកើនឡើងខ្ពស់ក្នុងអត្រា ២០,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៧៤៧លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)