ភ្នំពេញ៖ នៅរាជធានីភ្នំពេញ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ មិនមានគម្រោងអភិវឌ្ឍន៍អគារខុនដូណាបញ្ចប់ការសាងសង់ឡើយ ដោយចំនួនបន្ទប់ខុនដូនៅភ្នំពេញនាពេលនេះមានចំនួនជាង ៣៦,០០០យូនីត។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបញ្ជាក់ថា បញ្ហាវិបត្តិសកលកំពុងធ្វើឱ្យទីផ្សារខុនដូនៅរាជធានីភ្នំពេញបន្តជួបបញ្ហា ទាំងដំណើរការសាងសង់ និងសកម្មភាពទិញ លក់ ឬជួល។
សម្រាប់តម្លៃលក់ខុនដូក្នុងត្រីមាសទី៣ ឆ្នាំនេះធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ គឺបន្ទប់ខុនដូប្រណីតមានតម្លៃលក់ជាមធ្យម ២,៦៣៩ដុល្លារក្នុង ១ម៉ែត្រការ៉េ ធ្លាក់ចុះប្រមាណ ១,២%, ខុនដូប្រភេទមធ្យម មានតម្លៃ ២,០៧៨ ដុល្លារ ធ្លាក់ចុះ ០,៨% និងប្រភេទតម្លៃសមរម្យ មានតម្លៃ ១,៤០៨ដុល្លារធ្លាក់ចុះ ០,២%។ បើតាម CBRE Cambodia។
បើតាម CBRE Cambodia បានបន្តថា ដោយឡែកសម្រាប់តម្លៃជួល គឺខុនដូប្រណីត មានតម្លៃជាមធ្យម ១១ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ខែ ធ្លាក់ចុះ ០,៣%, ប្រភេទតម្លៃមធ្យម មានតម្លៃ ៩,៥ដុល្លារ ធ្លាក់ ០,៩% និងប្រភេទតម្លៃសមរម្យ មានតម្លៃ ៧,៨ដុល្លារ ធ្លាក់ ២,៣%។
តម្លៃលក់ និងជួលខុនដូក្នុងត្រីមាសទី៣ បានធ្លាក់ចុះបន្ទាប់ពីការងើបឡើងបន្តិចកាលពីត្រីមាសទី២។ យ៉ាងណាអត្រាប្រែប្រួលមានកម្រិតតិចតួចប៉ុណ្ណោះ ហើយនិន្នាការនេះអាចនៅបន្តរហូតដល់ដំណាច់ឆ្នាំ។ ក្នុងឆ្នាំ២០២៣ យើងរំពឹងថាសកម្មភាពទិញ លក់ ជួល អាចនឹងមានកំណើនល្អជាងឆ្នាំ២០២២ ដោយសារមិនមានការបើកលក់គម្រោងថ្មីៗច្រើន ហើយតម្លៃនៅបន្តមានស្ថិរភាព។ បើតាម អ្នកនាង គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន CBRE Cambodia ដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍។
ភ្នំពេញប៉ុស្តិ៍ ក៏បានស្រង់សំដី លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល ដោយលើកឡើងថា ទោះបីប្រទេសកម្ពុជាបានបើកដំណើរការសង្គម និងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញពីវិបត្តិជំងឺកូវីត-១៩ ជិត ១ឆ្នាំហើយក៏ដោយ ប៉ុន្តែស្ថានភាពទីផ្សារខុនដូក្នុងត្រីមាសទី៣ កន្លងមកមិនទាន់ល្អវិញនោះទេ ដោយតម្រូវការរបស់វានៅមានកម្រិតទាប ហើយតម្លៃក៏ធ្លាក់ចុះតិចតួចដែរ។
លោក សំ សុខនឿន លើកឡើងបន្តថា ការធ្លាក់ចុះតម្លៃខុនដូក្នុងរាជធានី-ភ្នំពេញនៅពេលនេះ ក៏ផ្តល់ឱកាសឱ្យប្រជាជនខ្មែរដែលចង់រស់នៅ ឬមានបំណងវិនិយោគលើខុនដូមានលទ្ធភាពក្នុងការទិញខុនដូកាន់តែច្រើន។ ចាប់តាំងពីមានវត្តមានកូវីដ-១៩ ធ្វើឱ្យចំនួនជនបរទេសនៅកម្ពុជាធ្លាក់ចុះ ហើយគម្រោងអភិវឌ្ឍន៍ខុនដូមួយចំនួនបានទម្លាក់តម្លៃខ្លះៗ និងបានប្តូរទិសដៅមករកអតិថិជនក្នុងស្រុក។
រយៈពេល ៨ខែឆ្នាំ២០២២ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតឱ្យសាងសង់មានចំនួន ២,៨១១គម្រោង បានធ្លាក់ចុះ ៩០គម្រោង និងមានតម្លៃវិនិយោគ ១,៦៦២លានដុល្លារ ធ្លាក់ចុះ ៥៦,៧% ក្នុងនោះប្រភេទសំណង់លំនៅឋាន មានចំនួន ២,៥២១គម្រោង (ស្មើនឹង ៨៩,៧% នៃសំណើសុំសាងសង់សរុបធ្លាក់ចុះ ៩គម្រោង បើធៀបនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍របស់ក្រសួងដែលដី នគរូបនីយកម្មនិងសំណង់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)