ភ្នំពេញ៖ រយៈពេល ៩ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អូស្ត្រាលី មានទឹកប្រាក់ ៤០៤,៤៧លានដុល្លារ កើនឡើង ១០០,៣% ធៀបនឹងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ២០១,៨៨លានដុល្លារ។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ក្នុងនោះកម្ពុជានាំទៅអូស្ត្រាលី មានចំនួន ២៨៣,៥៥លានដុល្លារ កើនឡើង ១៣២,៦% និងការនាំទំនិញពីអូស្ត្រាលីមានទឹកប្រាក់ ១២០,៩១លានដុល្លារ កើនឡើង ៥១,២%។
ការនាំចេញរបស់កម្ពុជាទៅអូស្ត្រាលីកើនខ្ពស់ ដោយសារការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP ចាប់តាំងពីដើមឆ្នាំ ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជា បាននិងកំពុងខិតខំបង្កើនការនាំទំនិញរបស់ខ្លួនទៅទីនោះ ដែលមានដូចជា អង្ករ សម្លៀកបំពាក់ និងមាស ជាដើម។ បើតាមការលើកឡើងរបស់ លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទៀតដែលកម្ពុជាបានចុះហត្ថលេខាកំពុងជួយឱ្យទំនិញកម្ពុជាកាន់តែច្រើនត្រូវបាននាំទៅបរទេស។ បើតាមការលើកឡើងបន្តរបស់ លោក គី សេរីវឌ្ឍន៍ បានបន្ថែមថា RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំដោយមានប្រទេសសមាជិកអាស៊ានទាំង ១០ ព្រមជាមួយនឹងប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា និងអូស្ត្រាលីបានកើនឡើងជាបន្តបន្ទាប់ ពិសេសនារយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ។
លោក បានបន្តថា កំណើននៃការធ្វើពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចេញរបស់កម្ពុជាទៅអូស្ត្រាលី គឺមកពីកត្តាសំខាន់ៗមួយចំនួនដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត, ការបើកប្រទេស និងសេដ្ឋកិច្ចបានឆាប់ពីវិបត្តិកូវីដ-១៩ និងជាពិសេសប្រទេសទាំងពីរ ជាសមាជិកនៃ RCEP ដែលមានការផ្តល់ភាពអនុគ្រោះផ្នែកពន្ធឱ្យគ្នាទៅវិញទៅមក។
អូស្ត្រាលី ជាប្រទេសរីកចម្រើននិងប្រជាជនមានចំណូលខ្ពស់ ដូច្នេះបើកម្ពុជាអាចផលិតទំនិញបានកាន់តែច្រើន និងមានគុណភាពកម្រិតស្តង់ដារនោះ វានឹងធ្វើឱ្យការនាំចេញទៅអូស្ត្រាលីមានកាន់តែច្រើន ពិសេសផលិតផលដែលមានចែងក្នុងកិច្ចព្រមព្រៀង RCEP។ បើតាមការបន្ថែមរបស់ លោក ងួន ម៉េងតិច។
គួររម្លឹកថា កាលពីដើមខែកញ្ញា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មន្រ្តីជាន់ខ្ពស់ទាំងពីបានអះអាងពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំង ខណៈប្រទេសទាំងពីរជាសមាជិកនៃហត្ថលេខីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP៕
ដោយ៖ មឿន ឌីណា (Moeun Dyna)