ភ្នំពេញ៖ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានស្នើទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid មកកម្ពុជា។
លោក Ryoji Fujita បានគូសបញ្ជាក់ថា សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្ត ប្រភេទ Hybrid ឱ្យបានច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹតកាបូន (Carbon Neutrality) នៅឆ្នាំ២០៥០ ផងដែរ។
បើតាមជំនួបពិភាក្សាការងារកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការគាំទ្រនៅក្នុងការបន្ធូរបន្ថយពន្ធនាំចូល ជាពិសេសករណីរថយន្តប្រភេទ Hybrid ដែលក្រុមហ៊ុនតូយ៉ូតាបានលើកឡើងខាងលើនេះអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះលោកអគ្គនាយក និងសហការី ហើយនិងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានរៀបចំរោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជាដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់វិស័យយានយន្តនៅកម្ពុជាឱ្យមានការរីកចម្រើនមួយកម្រិតទៀត។
នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមបណ្តារាជធានី-ខេត្ត។
លោក បានបន្តថា ក៏ដូចជាជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីពីសំណាក់សាធារណជនទូទៅ និងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនបន្ថែមទៀតទូទាំងផ្ទៃប្រទេស។
គូសបញ្ជាក់ថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានយន្តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចាប់តាំងពីការឈានជើងចូលមកដំណើរការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានបើកដំណើរការសាខាចំនួន៥ នៅទូទាំងប្រទេសព្រមទាំងបន្តការកែលម្អឥតឈប់ឈរ និងផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មដែលមានគុណភាពល្អ ដល់អតិថិជនទាំងអស់ជាបន្តបន្ទាប់ ហើយតាមតថភាពជាក់ស្តែង រថយន្តដែលទទួលបានការនិយមប្រើប្រាស់ច្រើនជាងគេក្នុងសង្គមកម្ពុជាគឺ រថយន្តម៉ាកតូយ៉ូតា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)