ភ្នំពេញ៖ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ចាប់ពីខែមករា-កញ្ញា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១៥០ ដែលមានទុនវិនិយោគសរុប ៣,៤៥៩.៥៨លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនគម្រោងវិនិយោគកើន១៦ និងទុនវិនិយោគកើនប្រមាណ ១០១លានដុល្លារ។
នៅក្នុងរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងថា ក្នុងចំណោមទុនវិនិយោគសរុបដែលបានអនុម័ត គឺទុន វិនិយោគិរបស់កម្ពុជា ទឹកប្រាក់ជាង ១៧០០លានដុល្លារ ៥០,៩៤%, ចិន ទឹកប្រាក់ជាង ១៥០០លានដុល្លារ ៤៣,៩៨%, ថៃ ទឹកប្រាក់ ៤៤លានដុល្លារ ១,២៧%, ជប៉ុន ទឹកប្រាក់ជិត ៤០លានដុល្លារ ១,១៤% និងក្រៅពីនោះមានដូចជា Cayman Islands, សាម័រ, កូរ៉េ, British Virgin Islands, សិង្ហបុរី, ម៉ាឡេស៊ី និងអូស្ត្រាលី។
នៅក្នុងចំនួនទឹកប្រាក់ ៣,៤៥៩.៥៨លានដុល្លារនោះ គឺការបណ្ដាក់ទុនក្នុងវិស័យឧស្សាហកម្មមានចំនួន ១៣២គម្រោង ស្មើនឹងទុនវិនិយោគ ១,៣៩៩.៣លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៨គម្រោង ទុនវិនិយោគ ចំនួន ១,៧៩១.១៥ លានដុល្លារ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៧គម្រោង ទុនវិនិយោគ ១០៤.៨៧លានដុល្លារ, និងវិស័យទេសចរណ៍ មាន ៣គម្រោង មានទឹកប្រាក់ ១៦៤.២៥លានដុល្លារ។ បើតាមការបន្តនៅក្នុងរបាយការណ៍ CDC។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា កត្តាចម្បងមួយចំនួនដែលធ្វើឱ្យអ្នកវិនិយោគនៅក្នុងស្រុកបញ្ចេញទុន គឺទំនុកចិត្តទៅលើគោលនយោបាយរដ្ឋាភិបាលដែលបានដាក់ចេញ និងកត្តាទីផ្សារនាំចេញដែលទំនិញកម្ពុជាអាចនាំចេញទៅលក់នៅប្រទេសជាច្រើនក្រោមលក្ខខណ្ឌពិសេសផ្នែកពន្ធគយ (តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានចុះហត្ថលេខា)។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ខណៈពេលលំហូរវិនិយោគបរទេសបានថមថយ ក្នុងរយៈពេលចុងក្រោយ បន្ទាប់ពីជួបវិបត្តិផ្ទួនៗ ដែលធ្វើឱ្យពួកគេជួបបញ្ហារាំងស្ទះហិរញ្ញវត្ថុ ដូច្នេះហើយ ជាឱកាសជំរុញឱ្យវិនិយោគិនក្នុងស្រុកដែលនៅមានកម្លាំងទុនឆ្លៀតឱកាសបោះទុន និងរៀបចំសេវាកម្ម ឬផលិតផលរបស់ខ្លួន ប្រកួតប្រជែងក្នុងទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកស្ទួយការវិនិយោគក្នុងស្រុក។
អ្នកវិនិយោគស្រុក ជាពិសេសអ្នកដែលមានទុនធំៗ គេមិនបង្អង់ទេ ដោយសារទុនរបស់គេ គេអាចបង្វិលបាន ស្របពេលដែលមិនមានចរន្តវិនិយោគពីក្រៅជាដុំកំភួន ហេតុដូច្នេះគាត់ឆ្លៀតឱកាសក្នុងពេលវេលានេះ ពោលគឺក្រុមហ៊ុនដែលគេមានលទ្ធភាព គឺគេបោះទុនវិនិយោគ។ បើតាមការលើកឡើងបន្តរបស់ លោក ហុង វណ្ណៈ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តខិតខំជំរុញ និងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសវិធានការទាំងឡាយ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស។ បើតាមការថ្លែងរបស់ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)