ភ្នំពេញ៖ ៨ខែឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជានិងកាណាដា មានទឹកប្រាក់សរុប ៨០៤.៤លានដុល្លារ កើនឡើង ២២,៦% បើធៀបនឹងគ្នាឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៦៥៦.០៧លានដុល្លារ។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅកាណាដា ៧៨០.១៩លានដុល្លារ កើន ២៤% និងទំនិញនាំពីកាណាដា ២៤,២២លានដុល្លារ ធ្លាក់ចុះ ១០,៤%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
យោងតាមស្ថិតិខាងលើជញ្ជីងពាណិជ្ជកម្មកម្ពុជា រយៈពេល ៨ខែ ឆ្នាំ ២០២២ មានឧត្តមភាព ៧៥៥.៩៧លានដុល្លារ។ រយៈពេល ៨ខែ ឆ្នាំ២០២២ កាណាដា គឺជាទីផ្សារធំទី៥ ដែលទិញទំនិញពីកម្ពុជា បន្ទាប់ពីអាមេរិក វៀតណាម ចិន និងប្រទេសជប៉ុន។
ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ៩៩៤.៧២លានដុល្លារ កើនឡើង ២៣,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាណាដា មានទឹកប្រាក់ ៩៥៤.៨៣លានដុល្លារ កើនឡើង ២៧,១% ខណៈទំនិញដែលកាដាណានាំមកកម្ពុជាមានទឹកប្រាក់ ៣៩.៨៩លានដុល្លារ ថយចុះ ២៨,២%។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាណាដាគឺជាទីផ្សារទទួលទិញទំនិញធំពីកម្ពុជា ដោយទឹកប្រាក់ដែលកម្ពុជានាំទៅកាណាដាបានកើនជារៀងរាល់ឆ្នាំ។ កំណើននេះ គឺដោយសារកត្តាមួយចំនួនដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត ការផ្តល់ភាពអនុគ្រោះផ្នែកពន្ធគយ (GSP) របស់កាណាដា សម្រាប់ទំនិញកម្ពុជា កម្ពុជាមានការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីនោះផងដែរ។
លោក លឹម ហេង បានថ្លែងបន្តថា ទំនិញកម្ពុជានាំទៅទីផ្សារកាណាដាភាគច្រើនជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ គ្រឿងដង្គុំអគ្គិសនីអេឡិចត្រូនិក និងផលិតផលកសិកម្ម ចំណែកទំនិញនាំពីកាណាដា មានដូចជា រថយន្ត គ្រឿងសំណង់ និងគ្រឿងបរិក្ខារប្រើបច្ចេកវិទ្យាទំនើបៗ។
តាមរយៈផែនការដែលលោកនាយករដ្ឋមន្ត្រីកាណាដានឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជានាខែវិច្ឆិកាខាងមុខ លោករំពឹងថា នឹងមានការពិភាក្សាមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-កាណាដាផងដែរ។ បើតាមការថ្លែងបន្តរបស់ លោក លឹម ហេង។
សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា លោកស្រី Sarah Taylor បានស្នើឱ្យរដ្ឋាភិបាលកាណាដាពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជា និងស្នើឱ្យមានជំនួបពាណិជ្ជកម្មរវាងវិនិយោគិនប្រទេសទាំងពីរ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សភាពាណិជ្ជកម្មកម្ពុជាបានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ការិយាល័យនោះត្រូវប្រើប្រាស់ជាកន្លែងជួបពិភាក្សា និងផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់វិនិយោគិនដែលមានចំណាប់អារម្មណ៍ចំពោះការបណ្ដាក់ទុននៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)