Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជានិងបេឡារុស សម្រេចបានប្រមាណ ៤លានដុល្លារ កើន១៥៨% នៅឆ្នាំ២០២១

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបេឡារុស សម្រេចបានប្រមាណ ៤លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ជាមួយនឹងកំណើនប្រមាណ ១៥៨% បើធៀបនឹងឆ្នាំ២០២០។ បើតាមជំនួបពិភាក្សារវាងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជ និងមន្រ្តីទូតថ្មីបេឡារុស កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

បើតាមជំនួបនោះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស។

លោកស្រី តឹករ៉េត កំរង បានអបអរសាទរ លោក Uladzimir Baravikou ដែលទទួលបានការតែងតាំងថ្មី និងបង្ហាញពីសុទិដ្ឋិនិយមចំពោះបេសកកម្មការទូតដ៏មានអត្ថន័យនេះ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសក្រោមក្របខណ្ឌគណៈកម្មាធិការចម្រុះសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-បេឡារុស ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗ បន្ទាប់ពីអាក់ខានក្នុងបរិការណ៍កូវីដ-១៩។

ភាគីកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់ប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគរបស់ធុរជន និងវិនិយោគិនបេឡារុស តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្រោមក្របខណ្ឌពាណិជ្ជកម្មសេរីពហុភាគី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) អាស៊ាន និងទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ។ បើតាមការបញ្ជាក់របស់ លោកស្រី តឹករ៉េត កំរង។

 ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូត បានកោតសរសើរនិងថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅដោយលោកស្រីរដ្ឋលេខាធិការ និងបង្ហាញពីឆន្ទៈក្នុងការបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

គូសបញ្ជាក់ថា កម្ពុជា បាននាំចេញទៅបេឡារុសនូវផលិតផលវាយនភណ្ឌ កៅស៊ូ អង្ករ និងសម្ភារៈធ្វើដំណើរ និងនាំចូលនូវជីកសិកម្ម ឧបករណ៍តន្រ្តី គ្រឿងសង្ហារឹម។ល។

បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប្រទេសទាំងពីរមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងផ្តល់នូវកាលានុវត្តភាពក្នុងការជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើង នាពេលអនាគត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)