ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៣ ប្រមាណ ៤៣លានដុល្លារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ការចំណាយរបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ១៧១ពាន់លានរៀល ប្រមាណ ៤៣លានដុល្លារ។ បើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបន្តថា ចំនួនទឹកប្រាក់នេះ មានការថយចុះបើប្រៀបធៀបជាមួយនឹងស្ថានភាពប្រទេសដែលមិនទាន់ផ្ទុះជំងឺកូវីដ-១៩។
កាលអំឡុងកូវីដ-១៩ គឺកាត់បន្ថយការចំណាយ ប៉ុន្តែដោយសារបច្ចុប្បន្នយើងបើកប្រទេសឡើងវិញ អ៊ីចឹងសកម្មភាពយើងវិលមកធម្មតា យើងលែងប្រជុំតាមវីដេអូហើយ គឺប្រជុំដោយផ្ទាល់ ថវិកានេះមិនខ្ពស់ដូចឆ្នាំ២០១៩ ទេ គឺនៅទាបជាង។ បើតាមការបន្ថែមរបស់ លោក ឡេង ប៉េងឡុង។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ថវិកានេះសម្រាប់ការចំណាយទៅលើការរៀបចំកម្មវិធីផ្សេងៗ ខណៈរដ្ឋសភាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២៣ នឹងបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងវេទិកាអន្តរជាតិផ្សេងៗ ដូចនេះវាត្រូវចំណាយ។ លោក លើកឡើងឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣ កម្ពុជានឹងទៅចូលរួមវេទិកាសភាអន្តរជាតិរួមមាន៖ សហភាពអន្តរសភា (IPU) អន្តរសភាអាស៊ី អន្តរសភាអាស៊ីប៉ាស៊ីហ្វិក អន្តរសភាបារាំង និងការប្រជុំអមធំៗ រួមនឹងចូលរួមកិច្ចប្រជុំមហាសន្និបាតអន្តរជាតិផងដែរ៕
ប្រភព៖ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)