សៀមរាប៖ ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀតដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់។ បើតាមការថ្លែងបញ្ជាក់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ប្រារព្ធធ្វើឡើងនៅសៀមរាប នៅថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានថ្លែងបន្តថា ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់និងសកល ការតភ្ជាប់និងភស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន។
សម្តេច តេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន បានបានថ្លែងបន្តទៀតថា ការប្រើប្រាស់ថាមពលស្អាតនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងការរក្សាសន្តិសុខស្បៀងទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុនក្នុងការស្ដារសេដ្ឋកិច្ចតំបន់និងសកលលោកឡើងវិញ ប្រកបដោយភាពធន់និងចីរភាព។
លើសពីនេះ ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើបញ្ហាថ្មីៗរួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយនិងជំងឺឆ្លងរាតត្បាតនានា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការការពារពលករចំណាកស្រុក និងការអភិវឌ្ឍពលកម្មជំនាញនិងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមជាដើម។ បើតាមការថ្លែងបន្ថែមរបស់ប្រធានអាស៊ានឆ្នាំ២០២២។
ប្រធានអាស៊ាន បានថ្លែងបន្ថែមទៀតថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញមទៅមកតាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាននិងអាស៊ានបូក១ ដែលមានស្រាប់ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ដោយឡែកទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង (អាសិប) ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារសំដៅទាក់ទាញការចូលរួមពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀតក្នុងកិច្ចព្រមព្រៀងនេះ។ សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងន័យនេះ កិច្ចព្រមព្រៀង (អាសិប) ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយដែលឯករាជ្យនិងម្ចាស់ការហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ ហើយកម្ពុជានៅតែមានចំណាប់អារម្មណ៍ ផ្តល់គ្រប់លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ។
បញ្ហាសំខាន់មួយទៀតដែលអាស៊ានត្រូវគិតគូបន្ថែមទៀតគឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល។ បើតាមការបញ្ជាក់បន្ថែមរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានលើកឡើងបន្តថា បញ្ហាថ្មីៗរួមមានវិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ បរិស្ថាន ប្រែប្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាតជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក។
សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ទៀតថា ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះនឹងតម្រូវឱ្យបណ្តាប្រទេសនៅក្នុងពិភពលោក ប្រើប្រាស់ជាឧបករណ៍គាំពារនិយម បង្កើតជារបាំងពាណិជ្ជកម្មនិងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសកលលោកឬខិតខំកសាងច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិដែលបម្រើឱ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្ដាប់តូចដែលជាបក្សពួកខ្លួននោះឡើយ។ ក្នុងន័យនេះ អាស៊ានគួររួមគ្នាជាធ្លុងមួយដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្ដរជាតិដែលបម្រើឱ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងទៀតថា ដោយឡែក នាពេលបច្ចុប្បន្ន ពិភពលោកនិងអាស៊ានកំពុងប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុនិងការ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ដែលអាស៊ានគួរពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលខ្ញុំធ្លាប់បានលើកឡើងកន្លងមកនេះក្នុង ពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធ។
នៅកិច្ចបញ្ចប់ សម្តេចតេជោ ជឿជាក់ថា អាស៊ាន នឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ, សាមគ្គីភាពនិងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់ អាស៊ានគឺ “ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍តែមួយ” និង ឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេស ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់អាស៊ាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)