Register Already an agent ? Login

កម្ពុជា ខិតខំពង្រឹងការអភិវឌ្ឍថាមពលកកើតឡើងវិញ ឱ្យបានអតិបរមាឆ្ពោះទៅអព្យាក្រឹតភាពកាបូន

ភ្នំពេញ៖ កាលពីឆ្នាំ២០២១ ថាមពល ដែលបានមកពីប្រភពថាមពល កកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា។ បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងឱកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានថ្លែងបន្តថា ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាពនៃប្រភពថាមពល របស់កម្ពុជាចំណែកអានុភាពនៃប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥% នៃអានុភាពដំឡើងសរុប។

សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម។ បើតាមការថ្លែងបន្តរបស់ សម្ដេចតេជោ ហ៊ុន សែន។

ដើម្បីសម្រេចទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជា រហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹតភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ ថាមពលពន្លឺព្រះអាទិត្យ លើដំបូលនៅកម្ពុជា។ បើតាមការបន្ថែមរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ត អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន LTS4CN ដែលរំពឹងថានឹងសម្រេចបានការងារអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន «LTS4CN» នេះ គឺជាសក្ខីភាពបញ្ជាក់នូវការប្ដេជ្ញាចិត្ត របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ និងបង្ហាញនូវសេណារីយ៉ូ គោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ នៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ត្រូវបានអនុម័ត និងដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

សម្រាប់ការផលិតថាមពល យុទ្ធសាស្រ្តនេះបានធ្វើការបញ្ចូលការប្តេជ្ញាចិត្តថ្មីៗ របស់កម្ពុជាក្នុងការមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី និងគោលដៅថាមពលកកើតឡើងវិញ ៣៥% ក្នុងប្រភពថាមពលចម្រុះត្រឹមឆ្នាំ២០៥០។ ជាមួយគ្នានេះ យុទ្ធសាស្រ្តក៏បានដាក់គោលដៅកាត់បន្ថយការដុតសំណល់នៅទីវាលឱ្យបាន ៨៥% ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)