Register Already an agent ? Login

មកដឹងមូលហេតុតម្រូវឱ្យពលរដ្ឋនៅតំបន់រមណីយដ្ឋានអង្គរ ប្ដូរទៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ បើតាមទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។

នៅក្នុងទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។

គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។

កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

កិច្ចសំណេះសំណាលនេះ នៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការពន្លឿនការអភិវឌ្ឍ តំបន់រុនតាឯក ទៅជាតំបន់ធម្មជាតិ និងប្រែក្លាយជាក្រុងរណបរបស់ខេត្តសៀមរាប ដោយមានការអភិវឌ្ឍផ្លូវថ្នល់ ផ្សារ សាលារៀន តបណ្តាញទឹកភ្លើង និងហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងទៀត។

សម្តេច ក៏បានណែនាំឱ្យ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តប្រព័ន្ធទឹកស្អាតជូនពលរដ្ឋភូមិធម្មជាតិរុនតាឯក ចំណាយប្រមាណ ៣លានដុល្លារ និងណែនាំឱ្យអគ្គិសនីកម្ពុជារៀបចំតបណ្តាញអគ្គិសនីចូលភូមិធម្មជាតិរុនតាឯកផងដែរ។ លើសពីនេះ សម្តេច ក៏បានណែនាំឱ្យចាក់កៅស៊ូផ្លូវចូលមកកាន់ភូមិធម្មជាតិរុនតាឯក ដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិធម្មជាតិរុនតាឯក ដែលមានប្រវែងសរុប១៤០គីឡូម៉ែត្រ។ បច្ចុប្បន្នសាងសង់បាន ១៨គីឡូម៉ែត្រហើយ។

សម្តេច ក៏បានបញ្ជាឱ្យមានការបង្កើតសាលារៀនពីកម្រិតបឋម ដល់វិទ្យាល័យ នៅភូមិធម្មជាតិរុនតាឯក ហើយសម្រេចផ្តល់អគារសម្រាប់គ្រូស្នាក់នៅ១ខ្នង ២ជាន់ ២០បន្ទប់ នៅភូមិធម្មជាតិរុនតាឯក ព្រមទាំងសាងសង់ផ្សារនៅភូមិធម្មជាតិរុនតាឯកផងដែរ។ ចំពោះ ពលរដ្ឋដែលស្ម័គ្រចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នឹងទទួលបានប័ណ្ណក្រីក្រ សម្រាប់ថែទាំសុខភាព រួមទាំងទទួលបានប្រាប់ឧបត្ថម្ភអំឡុងពេលរងវិបត្តិកូវីដ-១៩៕

ដោយ៖ មឿន ឌីណា (Moeun Dyna)