សៀមរាប៖ នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានជំរុញថាអាស៊ាន គួរពិចារណាលើគំនិតផ្តួចផ្តើម បង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ដោយយោងលើស្ថានភាពបច្ចុប្បន្ន ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០»។ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអនុញ្ញាតឱ្យតំបន់របស់យើង អាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាពការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។
សូមរម្លឹកថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅកាលពីខែសីហា កន្លងទៅនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឱ្យតំបន់របស់អាស៊ាន ធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់វៃ។
ជាមួយគ្នានេះ ការងារគ្រប់គ្រងបរិស្ថានជាទូទៅ បានកំពុងមានការីកចម្រើន កម្ពុជាក៏ដូចជាតំបន់មានមោទកភាព ដែលអាស៊ានផ្តល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀត ដល់សកម្មភាព និងកិច្ចសហការផ្សេងៗ សម្រាប់តំបន់ និងសកល។ ក្នុងនោះមានកិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងផ្តោតការគិតគូជាយុទ្ធសាស្ត្រ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)