សៀមរាប៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបទបង្ហាញក្រោមប្រធានបទ «ផ្លូវរបស់អាស៊ានឆ្ពោះទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ត បរិយាបន្ន និងនិរន្តរភាព» ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកកាលានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាល រួមមានដូចជា៖ ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិនិងចូលរួម ASEAN Single Windows, និងការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
លោក រដ្ឋមន្រ្តី បានថ្លែងបន្តថា ការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint 2025 ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និង Bandar Seri Begawan Roadmap។
ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា៖ ការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។ បើតាមការលើកឡើងបន្ថែមរបស់ លោក ប៉ាន សូរស័ក្តិ។
ក្នុងឱកាសនោះដែរ លោក រដ្ឋមន្ដ្រី បានថ្លែងអំពីសារសំខាន់កិច្ចសហការរវាងវិស័យរដ្ឋនិងភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការលើកស្ទួយបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចអាស៊ាន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ លោក បានគូសបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ ដែលផ្តោតលើផ្លូវរបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្តរភាព គឺជាវេទិកាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្ដល់នូវទស្សនទានល្អៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិស័យរដ្ឋ-ឯកជន ក្នុងតំបន់អាស៊ាន។
បន្ទាប់ពីបញ្ចប់សុន្ទរកថាបើកកិច្ចប្រជុំរបស់ លោក ប៉ាន សូរស័ក្តិ លោក ស៊ុន ចាន់ថុល ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ បានលើកឡើងអំពីបញ្ហាប្រឈមទាក់ទងនឹងការ អនុវត្តយន្តការច្រកចេញចូលតែមួយ(Single Window Single Inspection) និងបានលើកទឹកចិត្តឱ្យវិស័យឯកជនជំរុញរដ្ឋាភិបាលរបស់ខ្លួនក្នុងការប្រើប្រាស់យន្តការនេះសម្រាប់ការត្រួតពិនិត្យការដឹកជញ្ជូនទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅ តាមព្រំដែននិងលើកកម្ពស់ការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង។
លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការបញ្ចប់ផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជាដែលត្រូវការទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារ ក្នុងការអនុវត្តគម្រោងប្រមាណ ៣៣២គម្រោងក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្មនិងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន ព្រមទាំងបង្កើតការងារធ្វើនៅកម្ពុជា។
នាឱកាសនោះ លោក ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ(Port EDI) ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងគម្រោងដាក់ដំណើរការជាបណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (Expressway PP-SHV) នៅដើមខែតុលា ឆ្នាំ២០២២ ដែលជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា អាចកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។
គូសបញ្ជាក់ថា កិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) បានផ្តោតការពិភាក្សាជាសំខាន់លើប្រធានបទចំនួនបីរួមមាន៖ ១-ការលើកកម្ពស់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់អាស៊ានតាមរយៈបច្ចេកវិទ្យា, ២-ការជំរុញឱ្យមានការផ្លាស់ប្តូរកំណើនបៃតងតាម រយៈបច្ចេកវិទ្យា និង ៣-មាគ៌ារបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយភាពរស់រវើក បរិយាបន្ន និងនិរន្តរភាព។
គោលបំណងនៃកិច្ចប្រជុំនេះ គឺនាំយកអ្នកវិនិយោគ និងប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយថាមវន្ត បរិយាបន្ន និងនិរន្តរភាព ក្នុងតំបន់អាស៊ាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)