ភ្នំពេញ៖ កម្ពុជា បាននាំចេញទំនិញទីទីផ្សារអន្តរជាតិមានទឹកប្រាក់ ១៥.៦ពាន់លានដុល្លារ កើនឡើង ២៦.៣% ៨ខែឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ មានតទឹកប្រាក់ ១២.៣ពាន់លានដុល្លារ។ តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានន្តថា ការនាំចូលទំនិញមកកម្ពុជាវិញមានតម្លៃ ២១.៧ពាន់លានដុល្លារ កើន ១៨.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិកើនដល់ ៣៧.៤ពាន់លានដុល្លារ កើន ២១.៥%។
នៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញទាំងនោះ រួមមាន៖ សម្លៀកបំពាក់ ៦.៤ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃជាង ១ពាន់លានដុល្លារ, ស្បែកជើងចំនួន ១,១៨២លានដុល្លារ, សម្ភារៈធ្វើពីស្បែកសត្វ ១,៣៥៣លានដុល្លារ។
ជាមួយគ្នានេះក៏មាន យានក្រៅពីអយស្ម័យយានតម្លៃ ៦៩៦លានដុល្លារ, គ្រាប់ធញ្ញជាតិ ៧៣៥លានដុល្លារ, គ្រឿងសង្ហារឹម ៧៨១លានដុល្លារ, កៅស៊ូតម្លៃ ៣០៨លានដុល្លារ រួមនឹងផលិតផលផ្សេងទៀត ដូចជាផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង វត្ថុវាយនភ័ណ្ឌកែច្នៃផ្សេងជាដើម។
ការកើនឡើងនូវការចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជានេះ ដោយសារកម្ពុជាបានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) តាមរយៈទីផ្សារទាំង ១៥ប្រទេស ជាសមាជិករបស់ RCEP បានស្រូបយកទំនិញយ៉ាងច្រើនពីកម្ពុជាក្រោមអត្រាពន្ធទាប។ បើតាមការលើកឡើងរបស់ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មជា។
លោក បានបញ្ជាក់ថា មូលហេតុចម្បងមួយទៀតក្រោយពេលកម្ពុជាធ្វើពិពិធកម្មមុខទំនិញ ដែលកម្ពុជាបានទទួលពីវិធានប្រភពដើមទំនិញ វិធានអនាម័យរួមទាំងវិធានកិច្ចសម្រួលនីតិវិធីគយ បានធ្វើឱ្យការនាំចេញមានភាពងាយស្រួលជាងមុន ស្របពេលដែលកម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញ ព្រមគ្នានឹងការបើកឡើងវិញនៃទីផ្សារ តំបន់នានារួមនឹងទីផ្សារចិន។
លើសពីនេះទៀត បញ្ហាដឹកជញ្ជូន និងកង្វះទូរកុងតឺន័រ ដែលបង្កជាឧបសគ្គដល់ការនាំចេញរបស់កម្ពុជាកន្លងមក ត្រូវបានកាត់បន្ថយ ដោយបច្ចុប្បន្ននេះ ចំនួនកុងតឺន័រចូលមកកម្ពុជា បានគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូន ទំនិញពីទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមការលើកឡើងបន្តរបស់ លោក ប៉ែន សុវិជាតិ បានបន្ថែមថា ស្ថិតដំណាក់កាលចាប់ពីពាក់កណ្តាលឆ្នាំ រហូតដល់ជិតចុងឆ្នាំ គឺជាពេលវេលាដែលត្រូវប្រគល់ទំនិញឱ្យអ្នកបញ្ជាទិញដែលបានដាក់បញ្ជាទិញពីបណ្តារោងចក្រនានា បានជំរុញឱ្យមានការសម្រុកនាំចេញនាពេលបច្ចុប្បន្ន។
អាមេរិក គឺជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាទី១ ដែលបាននាំចូលទំនិញពីកម្ពុជាច្រើនជាងគេ ក្នុងតម្លៃ ៦.៤ពាន់ដុល្លារ ខណៈវៀតណាម បាននាំចូលទំនិញពីកម្ពុជាក្នុងតម្លៃ ១.៤ពាន់ដុល្លារ, ជប៉ុននាំចូលទំនិញពីកម្ពុជា ក្នុងតម្លៃ ៧៨៩លានដុល្លារ, អាលឺ្លម៉ង់ នាំចូលទំនិញពីកម្ពុជាក្នុងតម្លៃ ៧៤៧លានដុល្លារ និង ចិនក្នុងតម្លៃ ៨០៤លានដុល្លារ។ បើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)