សៀមរាប៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញឱ្យក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី ត្រូវខិតខំព្យាយាមនិងពន្លឿនការសាងសង់ឱ្យបានរួចរាល់តាមផែនការ ទោះបីជាជួបការលំបាក និងឧបសគ្គយ៉ាងណាក្តី ខណៈវឌ្ឍនភាពគម្រោងសម្រេចបាន ៤០.៦៧%ហើយក្ដី។
ការជំរុញពន្លឿនខាងលើ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមកាងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់ (MOA-WG) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំដោយ លោក រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ដែលបានចុះទៅបំពេញបេសកកម្ម កាលពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២២។
បើតាម អនុរដ្ឋលេខាធិការ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា តែទោះជាការយ៉ាងនេះក្តីមានការបារម្ភថា ការសាងសង់ព្រលានយន្តហោះនេះ អាចនឹងមានការយឺតយ៉ាវបន្តិចបន្តួច ជាងផែនការដែលបានរំពឹងទុក។
លោក បានគូសបញ្ជាក់ថា «ដោយសារតែគោលនយោបាយសូន្យកូវីដ-១៩របស់ចិន ដែលជាបច្ច័យអវិជ្ជមាន ដល់សង្វាក់ផលិតកម្ម ការផ្គត់ផ្គង់សម្ភារៈបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ការឡើងថ្លៃនៃសម្ភារៈមួយចំនួន និងការធ្វើដំណើរចេញ-ចូល របស់វិស្វករជំនាញ»។
កាលពីឆ្នាំ២០២០ ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ លោក Lu Wei បានថ្លែងថា ក្រុមហ៊ុនលោកបានដាក់ផែនការក្នុងការ ពន្លឿនការសាងសង់អាកាសយានដ្ឋាននេះឱ្យសម្រេចបាន ៦៧% ត្រឹមដំណាច់ឆ្នាំ២០២១ ខណៈដែលការងារសាងសង់ បានសម្រេចបានជាង ៣០% ។
ជាមួយគ្នានោះដែរ លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា តាមរយៈការរាយការណ៍របស់ លោក Lu Wei អាចវាយតម្លៃជារួមគឺយើងបានសម្រេចបានជាង ៣០ភាគរយនៃគម្រោងរួមទាំងអស់។ លោក រដ្ឋមន្រ្តី ជឿជាក់ថាឆ្នាំ២០២១ នឹងបញ្ចប់ ៦៧% ហើយឆ្នាំ២០២២ នៅសល់ការងារមិនជាធំដំនោះទេ អញ្ចឹងបានន័យថា នៅសល់ ៣៤%ទៀតឆ្នាំ២០២២ នឹងបញ្ចប់គម្រោងទាំងស្រុងសម្រាប់អាកាសយានដ្ឋានសៀមរាបថ្មីនេះ។
គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ គ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ និងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ។
តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីផ្សេងៗ ជាយថាហេតុកើតឡើង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)