Register Already an agent ? Login

រាធានីភ្នំពេញនិង ៧ខេត្តទៀត ទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់ ដើមសប្ដាហ៍ខែកញ្ញានេះ

ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២២ មានចំនួន ២០៣,៩២១នាក់ ក្នុងនោះភ្ញៀវជាតិ ១៨៥,៤០៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨,៥១៥នាក់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍របស់ ក្រសួងទេសចរណ៍បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *ខេត្តព្រះសីហនុ ២៧,៥៩៤នាក់,*ខេត្តកំពត ២៣,៣២៤នាក់,*ខេត្តសៀមរាប ២៣,១៦៩នាក់,*ខេត្តបាត់ដំបង ១៧,៥៧០នាក់,*រាជធានីភ្នំពេញ ១៦,៤៧២នាក់,*ខេត្តកែប ១២,៣៥៧នាក់,*ខេត្តកំពង់ចាម ១១,១៩០នាក់,*ខេត្តកំពង់ស្ពឺ ១០,៩៥៧នាក់។ តួលេខនេះ មានការកើនឡើងបន្តិចធៀបនឹងសប្តាហ៍កន្លងមក ជាមួយកំណើនប្រមាណ ០.៦៣%។

ទោះបីជាអាកាសធាតុនៅតាមតំបន់មួយចំនួនបន្តមានភ្លៀងធ្លាក់ ប៉ុន្តែយើងសង្កេតឃើញចរន្តភ្ញៀវនាថ្ងៃអាទិត្យកន្លងទៅនេះ ដែលជាថ្ងៃកាន់បិណ្ឌវេនទី១ មានភាពផុសផុលច្រើន ហើយស្ថានភាពចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមួយចំនួន ក៏មានភាពមមាញឹកខ្លះផងដែរ។

ដោយឡែក នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ (International Travel Expo HCMC 2022) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាបានទទួលរង្វាន់ «ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី២០២២» ដែលផ្តល់ជូនពីស្ថាប័ន World Travel Awards ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)