ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមចំនួន៣ គម្រោងវិនិយោគលើវិស័យកាត់ដេរ ដែលមានទុនសរុបជាង ១៦លានដុល្លារ ទីតាំងនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុនទាំង៣ ដែលទទួលបានការចុះបញ្ជីជាស្ថាពរពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖
១-ក្រុមហ៊ុន CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។
២-ក្រុមហ៊ុន Y.T.I (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,១៨៣កន្លែង។
៣-ក្រុមហ៊ុន SKY CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៣៤៧កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)