Register Already an agent ? Login

ក្រសួងរៀបចំដែន បានអនុម័តគម្រោងសំណង់ជិត ២ម៉ឺនគម្រោង ទុនវិយោគជាង ៣១ពាន់លានដុល្លារ រយៈពេល៥ឆ្នាំ

ភ្នំពេញ៖ រយៈ​​ពេល​ ៥ឆ្នាំ ក្នុងវិស័យសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអនុម័ត ១៩,៣២២ គម្រោង មានទុនវិនិយោគ ៣១,៤៨៤​លាន​ដុល្លារ​។ យោងតាម​របាយការណ៍​ស្ដី​​ពី​សមិទ្ធផល​សម្រេចបាន​រយៈ​ពេល ៥​ឆ្នាំកន្លងមក​របស់​ក្រ​សួង​រៀបចំ​ដែនដី បានបញ្ជាក់ថា ការវិនិយោគ​វិស័យ​សំណង់​ទាំង​ក្នុងស្រុក និង​ពី​ក្រៅប្រទេស​មាន​សម្ទុះ​ខ្លាំងក្លា និង​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

នៅក្នុងរបាយការណ៍របស់ក្រសួងរៀបចំដែនដីបានបន្តថា ក្នុង​រយៈពេល​ ៦ខែ ឆ្នាំ២០២២ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន​ ២,០០០គម្រោង និង​មាន​ទុនវិនិយោគ ១,២០៦​លាន​ដុល្លារ​។​

លោក លី រស្មី រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​​ដែនដី នគរូបនីយកម្ម និង​សំ​​ណង់ បានថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​«សមិទ្ធផល​សម្រេច​បាន​រយៈពេល​ ៥​ឆ្នាំកន្លងមក របស់​ក្រសួង​រៀបចំ​ដែនដី» ថា ប្រទេស​ដែល​នាំមុខគេ​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលន​​ទ្រព្យ​នៅ​កម្ពុជា រួមមាន​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស​ថៃ។

វិស័យ​សំណង់ គឺជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់ ដែល​បានរួម​​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ដោយ​បំពេញ​នូវ​គោល​​បំណង​ជា​មូលដ្ឋាន និង​បង្កើត​នូវ​ឱកាស​ការងារ​ជាច្រើន ព្រម​​ទាំង​បង្កើន​ប្រាក់ចំណូល​ខ្ពស់​ដល់​សង្គម និង​បាន​ចូលរួម​ដ៏​សកម្ម​ក្នុង​កំណើន​នៃ​សេដ្ឋកិច្ចជាតិ ពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការវិនិយោគ​លើ​វិស័យនេះ​ដោយផ្ទាល់។ បើតាមការបញ្ជាក់របស់ លោក លី រស្មី។

ក្រៅពី​ចិន និង​ជប៉ុន ដែល​បាន​ចូលរួម​វិ​និ​យោគ​ច្រើន​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា វិនិយោគិន​នៅ​តំបន់​អឺរ៉ុប ក៏មាន​ការវិនិយោគ​ច្រើន​គួរឱ្យកត់សម្គាល់​ដែរ​។​ បើតាមការថ្លែងរបស់ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់​ងារ​អចលនវត្ថុ​កម្ពុជា បានបន្តថា ទុនវិនិយោគ​ដែល​ហូរ​ចូលមក​ប្រទេស​កម្ពុជា ​តាមរយៈ​វិស័យ​សំណង់​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការពង្រីក​សក្តានុពល​សេដ្ឋកិច្ចជាតិ ព្រោះ​អ្នកវិនិយោគ​ទាំង​​នេះ​បាន​នាំយក​ទុន​ពី​បរទេស​មកចាក់​ចូល​នៅក្នុង​ចរន្ត​សេដ្ឋ​​កិច្ច​កម្ពុជា​។​

ប្រទេស​ដែលជា​ប់​លំដាប់ថ្នាក់​មានការ​​វិនិយោគ​វិស័យ​សំណង់​ច្រើនជាងគេ​ទាំងនេះ ភាគច្រើន​វិ​និ​​យោគ​លើ​ខុន​ដូ អា​ផាត​មិន និង​តំបន់​ប្រមូលផ្តុំ​ការិយាល័យ​សម្រាប់​ជួល​។ បើតាមការលើកឡើងបន្តរបស់ លោក ច្រឹ​ក សុខ​នី​ម បានបន្ថែមថា ទោះយ៉ាងណាយើង​ឃើញថាវិបត្តិ​កូ​វីដ -១៩ នៅតែ​បន្ត​ជះឥទ្ធិពល​មិនល្អ​លើ​វិស័យនេះ។

​ក្នុង​រយៈ​​ពេល​ជិត ២២​ឆ្នាំ​កន្លងមកនេះ​ ក្រសួងរៀបចំដែនដី ​បានចេញ​លិខិតអនុញ្ញាត​សាង​​សង់​នៅ​ទូទាំងប្រទេស​ចំនួន ៥៧,៥៩០គម្រោង និង​ទុន​វិ​និ​យោគ ៦៦,២០៥​លាន​ដុល្លារ​ ក្នុងនោះ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី ​៥​ជាន់ឡើង​នៅ​ទូទាំង​​ប្រទេស​មាន ២,៤៧២​អគារ គម្រោង​បុរី​លំនៅឋាន និង​លំ​​នៅ​ឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន ៤៨២​គម្រោង​។ បើតាមរបាការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)