ភ្នំពេញ៖ ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ដែលទទួលបានការចុះបញ្ជីជាផ្លូវពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាស ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅចុងឆ្នាំ២០២៣ បានបោះទុនវិនិយោគ ១៣លានដុល្លារ។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា បន្ទាប់ពីបាន វាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញរួចរាល់ជាស្ថាពរ ក្រសួងរ៉ែនិងថាមពល បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនខាងលើ អាចធ្វើអាជីវកម្មរ៉ែមាស នៅក្នុងខេត្តកំពង់ធំជាផ្លូវការ។ លោក បញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែរៀបចំខ្សែចង្វាក់របស់ខ្លួន។
ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុនអភិវឌ្ឍន៍នេះ នឹងអាចចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅចុងឆ្នាំ២០២៣ខាងមុខនេះ។ បើតាមប្រសាសន៍បន្តរបស់ លោក អ៊ឹង ឌីប៉ូឡា បានបន្តទៀតថា ទំហំនៃការធ្វើអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន គឺមានលក្ខណៈខ្នាតក្រោមមធ្យម។
ក្រុមហ៊ុន នឹងចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា ដោយបង្កើតចំណូលពន្ធ សួយសារ ការងារនិងការចែករំលែកបទពិសោធន៍ ក៏ដូចជាការនាំមកនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់កម្ពុជា។ បើតាមការគូសបញ្ជាក់ របស់ លោក អ៊ឹង ឌីប៉ូឡា។
លោក ក៏លើកឡើងឱ្យដឹងថា ចំណូលដែលបានប្រមូលពីវិស័យរ៉ែ គឺជាមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុងនោះ នៅឆ្នាំ២០២០ ប្រមូលចំណូលសួយសារបានដល់ជាង ២៥លានដុល្លារ ចូលទៅក្នុងថវិកាជាតិ។ នៅឆ្នាំ២០២១ ប្រមូលចំណូលបានជាង ៣៥លានដុល្លារ។ រយៈពេល៦ខែ ឆ្នាំ២០២២ ប្រមូលបាន ២០លានដុល្លារ។ បើតាមការបន្ថែមរបស់អ្នកនាំពាក្យដដែល។
សូមរម្លឹកថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៧ ដែលទទួលអាជ្ញាបណ្ណអាជីវកម្មផលិតរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល ក្នុងនោះ មានក្រុមហ៊ុន Renaissance Minerals បានផលិតរ៉ែមាសជាផ្លូវការ នៅខេត្ដរតនគិរី និងក្រុម Delcom Cambodia បានចាប់ផ្តើមសាកល្បងផលិតមាស នៅខេត្តព្រះវិហារជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)