ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស អាចស្នើសុំធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ ដោយមិនបង់ថ្លៃ រយៈពេល ១ឆ្នាំម្ដង។ បើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ។
បើតាមគ្រឹះស្ថានអង្គរ បានបន្តឱ្យដឹងថា ការអនុញ្ញាតនេះរួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយអាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេររយៈពេល ១ឆ្នាំម្តង ដោយមិនបង់ថ្លៃចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។
ចំពោះបែបបទ ការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេររយៈពេល ១ឆ្នាំម្តង ដោយមិនបង់ថ្លៃ អាចធ្វើតាមប្រព័ន្ធអនឡាញ (spass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។
ឬមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ក្នុងពេលម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេលចាប់ពីពីរឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤គុណ៦ រយៈពេល ៦ខែចុងក្រោយចំនួន ១សន្លឹក ចាប់ពីថ្ងៃប្រកាសនេះតទៅ។
គូសបញ្ជាក់ថា តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ។ នេះបើតាម លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)