Register Already an agent ? Login

គម្រោងវិនិយោគចំនួន៥ ទុនសរុបជិត ៨៣លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះបញ្ជីជាផ្លូវការ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីជាវិញ្ញាបនបត្រជាផ្លូវការឱ្យក្រុមហ៊ុនចំនួន៥ ទុនវិនិយោគសរុប ៨២.៧លានដុល្លារ ដែលបានស្នើសុំវិនិយោគនៅ ភ្នំពេញ កណ្ដាល កែប និងកំពង់ធំ គម្រោងទាំងនោះបង្កើតការងារដល់ពលរដ្ឋបានជិត ២០០០កន្លែង។

ក្រុមហ៊ុនទាំង៥ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖

១-ក្រុមហ៊ុន KITATSU SOLAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣,៤លានដុល្លារ បង្កើតការងារបានចំនួន ៦៣៧កន្លែង។

២-ក្រុមហ៊ុន SAMANEA CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគប្រមាណ ១៨,២លានដុល្លារ បង្កើតការងារបានចំនួន ៦០កន្លែង។

៣-ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារ បង្កើតការងារបានចំនួន ៣០០កន្លែង។

 ៤-ក្រុមហ៊ុន KHEMUNIK HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០គ្រែ ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣លានដុល្លារ បង្កើតការងារបានចំនួន ៤៥៨កន្លែង។

 ៥-ក្រុមហ៊ុន HEN JIU GARMENT ACCESSORY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងខារអំបោះ ទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៣កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)