Register Already an agent ? Login

កម្ពុជា បាត់បង់ចំណូលពន្ធគយ ១៨៧លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២២ ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ កម្ពុជាបានបាត់បង់​ចំណូល​ពន្ធគយ ប្រមាណ ១៨៧លាន​ដុល្លារ ​ដោយ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ឡើង​ប្រមាណ​ ៧,៣៤% ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២១​។ របាយការណ៍​សង្ខេប​ស្តីពី​ «​សកម្មភាព​ការងារ​ប្រចាំឆមាស​ទី​ ១ ឆ្នាំ​ ២០២២» របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ការប្រមូល​ចំណូល​ពន្ធគយ​ក្នុង​ផ្នែក​មួយ​ចំនួន​មិនមាន​ភាព​វិជ្ជមាន​ទេ ដោយសារ​តែ​កំណើន​នៃ​ចង្វាក់​ផ្គត់ផ្គង់​ក្នុងស្រុក​ចាប់ផ្តើម​បំពេញ​តួនាទី​ជំនួស​ឱ្យ​ការនាំចូល​។ បើតាមរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច បានបន្តទៀតថា កំណើន​នៃ​ផលិតកម្ម​ក្នុងស្រុក​ទាំង​នោះ​មាន​ដូចជា ស្រាបៀរ​ ស៊ីម៉ងត៍​ ភេសជ្ជៈ​ បារី និង​យានយន្ត​ដែល​បានធ្វើឱ្យ​កម្ពុជា​បាត់​ចំណូល​ពន្ធ​នាំចូល​ប្រមាណ ៥២៦.៧៣​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ​ធៀបនឹង​ឆ្នាំ២០២១​។

នៅក្នុងរបាយការណ៍ដដែលបានបន្ថែមថា ផលប៉ះពាល់​ចំណូល​ទាំងនោះ​មាន​ទឹកប្រាក់​សរុប​ចំនួន​ ៥២៦.៧៣​លាន​ដុល្លារ ដោយ​ក្នុងនោះ​ពី​ស្រាបៀរ​មាន​ចំនួន​ ២៣៨លាន​ដុល្លារ​ ​ស៊ីម៉ងត៍ ១០១.៨៥លាន​ដុល្លារ ​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា ៨៤.៦២​លាន​ដុល្លារ បារី ១៧.៤២​លាន​ដុល្លារ ការដំឡើង​រថយន្ដ ៧.៤៥​លាន​ដុល្លារ ការដំឡើង​ទោចក្រយានយន្ដ ៧៤.៤៧​លាន​ដុល្លារ​ និង​ការដំឡើង​​ត្រីចក្រយានយន្ដ ៣.៣៦លាន​ដុល្លារ​។

បើតាម​ភ្នំពេញ​ប៉ុស្តិ៍ ដែលបានស្រង់សំដី លោក មាស សុខសេនសាន្ត អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ប្រទេស​ដៃគូ​គឺ​ពិតជា​បាន​ធ្វើឱ្យ​រដ្ឋាភិបាល​បាត់បង់​នូវ​ចំណូល​ពន្ធគយ ប៉ុន្តែ​ វា​បាន​ផ្តល់នូវ​ឱកាស​ដល់​កម្ពុជា​ក្នុង​ការពង្រីក​ទីផ្សារ​ប្រកួត​ប្រជែង ការបង្កើត​ការងារនិង​ការទាក់ទាញ​វិនិយោគ​លើ​វិស័យ​ផលិតកម្ម​ច្រើនជាង​មុន​។

លោក បានលើកឡើងបន្តថា ជាធម្មតា​នៅពេល​ដែល​យើង​អនុវត្ត​ពាណិជ្ជកម្ម​សេរី​ទៅវិញ​ទៅមកមាន​ន័យថា យើង​កាត់​បន្ថយពន្ធ​ខាងយើង ខាងគេ​ក៏​កាត់បន្ថយ​ពន្ធ ដូច្នេះ​យើង​បាន​ចំណេញ​ទីផ្សារ យើង​អាច​បង្កើន​ទីផ្សារ​ប្រកួត​ប្រជែង ដោយសារ​តែ​យើង​បើក​របាំង​នាំចូល ខាងគេ​ក៏​បើក​របាំង​នាំចូល ហេតុនេះ​ការប្រកួត​ប្រជែង​មាន​ទៅវិញ​ទៅមក អ៊ីចឹង​យើង​បាន​ចំណេញ​ទីផ្សារ យើង​បង្កើន​ការនាំចេញ ហើយ​ចង្វាក់​ផលិតកម្ម​នៅក្នុង​ស្រុក​យើង​ក៏​កើន​ទៅតាម​នោះដែរ​។

ការបាត់​ចំណូល​នេះ ទោះបី​វា​ហាក់ដូចជា​ធំ​ពិតមែន ប៉ុន្តែ​ យើង​ត្រូវ​មើលថាការបង្កើន​ចង្វាក់​ផលិតកម្ម​នៅក្នុង​ស្រុក​វា​ជា​ការបង្កើត​ឱ្យ​មាន​ការ​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ស្រុក ហើយ​ពន្ធ​ក្នុង​ស្រុក​ក៏​នឹង​កើនឡើង​ផងដែរ។ បើតាមការបញ្ជាក់របស់ លោក ​មាស សុខសេនសាន្ត។

បើតាម​ភ្នំពេញ​ប៉ុស្តិ៍ដដែល ក៏បានស្រង់សំដី លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​​ថា ចំពោះ​ការបាត់បង់​ចំណូល​ពន្ធគយ​ ដោយសារតែ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​នេះ ដោយសារ​តែ​មាន​ផលិតផល​ជាច្រើន​បាន​នាំចូល​ពី​ប្រទេស​ចិន ​ដែល​កម្ពុជា​បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។

លោក បានលើកឡើងដូច្នេះ​ថា ទោះបីជា​អតុល្យភាព​នៃ​ការ​នាំចូល និង​ការនាំចេញ​ក៏ដោយ ក៏​ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​មាន​កំណើន​ខ្ពស់ជាង​មុន ដែល​ធ្វើឱ្យ​ចំណូល​បាន​មកពី​ផលិតកម្ម​នៅក្នុង​ស្រុក និង​អាចបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​ផលិតផល​ក្នុងស្រុក​ប្រសើរ​ជាង​មុន​។

ការបាត់បង់​ចំណូល​ពី​ពន្ធគយ ១៨៧​លាន​ដុល្លារ​នោះ វា​គឺជា​កត្តារួម​ចំណែក​មួយ​នៃ​ការកាត់បន្ថយ​ចំណូល​របស់​រដ្ឋាភិបាល ក៏ប៉ុន្តែ​ ការជំនួស​មកវិញ​នៃ​ចំណូល​ពន្ធដារ​នឹង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ពិតជា​មាន​សារៈសំខាន់ និង​ភាពប្រសើរ​ជាជាង​ការនាំ​ចូល​។ បើតាមការបញ្ជាក់របស់ លោក គី សេរីវឌ្ឍន៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)