ភ្នំពេញ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាសព្រះមុនីវង្ស» រីឯស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៊ីបានដាក់ឈ្មោះថា «ស្ពានអាកាសគង់សំអុល»។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១-ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២-ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លា។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងឱ្យដឹងទៀតថា ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារ ចំណាយពេលសាងសង់ ១៦ខែ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺជាប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថា «យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ»។
ថ្លែងក្នុងពិធីខាងលើ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅរាជធានីភ្នំពេញ គឺមានតម្រូវការចាំបាច់ត្រូវសាងសង់ស្ពាន ៣ទីតាំងទៀត ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញចូលរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ខណៈស្ពាន កម្ពុជា-កូរ៉េ កំពុងចរចារនិងជម្រើស។ សម្តេច សង្ឃឹមថា ភាគីកូរ៉េនឹងយកចិត្តទុកដាក់លើការងារនេះ ដើម្បីឱ្យស្ពានមិត្តភាព កម្ពុជា-កូរ៉េ បានសាងសង់នាពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងឱ្យដឹងថា ស្ពានទី១. គឺភ្ជាប់ពីរាជធានីភ្នំពេញ ទៅស្វាយជ្រុំ ដែលស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល។ គម្រោងស្ពាននេះត្រូវសាងសង់ឆ្លងទន្លេដល់ទៅ២ គឺទន្លេសាប និងទន្លេមេគង្គលើ។ គម្រោងស្ពានផ្សារចាស់-ស្វាយជ្រុំនេះ គឺត្រូវចែកជា ២កំណាត់ គឺ១កំណាត់ឆ្លងពីផ្សារចាស់ទៅជ្រោយចង្វា ហើយឡើងពីជ្រោយចង្វាទៅស្វាយជ្រុំមួយកំណាត់ទៀត ព្រោះប្រសិនបើចេញពីផ្សារចាស់ទៅស្វាយជ្រុំតែម្ដង គឺអាចនឹងបង្កការកកស្ទះចរាចរណ៍ ដូច្នេះត្រូវធ្វើ២ដំណាក់ ឬ២កំណាត់ដើម្បីរំដោះការកកស្ទះ។
ស្ពានទី២ គឺភ្ជាប់ពីក្ដីតាកុយ ដែលស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឆ្លងទន្លេមេគង្គក្រោមទៅកាន់អរិយក្សត្រដែលស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីជួយបញ្ចៀសចរាចរណ៍ចេញចូលរាជធានីភ្នំពេញ។ បើតាមការលើកឡើងបន្តទៀតរបស់ សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើស្ពាននេះសាងសង់រួចរាល់នោះ ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរចេញពីខណ្ឌច្បារអំពៅ ស្រុកកៀនស្វាយ ស្រុកលើកដែក ឬមកពីអ្នកលឿនជាដើម ឆ្ពោះទៅកាន់ស្រុកល្វាឯម ស្រុកមុខកំពូល ស្ពានព្រែកតាម៉ាក់ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ជាដើមនោះ គឺអាចឆ្លងកាត់ស្ពាននេះបាន។
សម្ដេចតេជោ បានលើកឡើងបន្តទៀតថា ស្ពានទី៣ គឺស្ពានភ្ជាប់ពីចាក់អង្រែ ដែលស្ថិតនៅខណ្ឌមានជ័យ ឆ្លងទន្លេបាសាក់ទៅកាន់ព្រែកប្រា ដែលស្ថិតនៅខណ្ឌច្បារអំពៅ ដោយត្រូវឆ្លងទន្លេបាសាក់ ដើម្បីជួយរំដោះការកកស្ទះចរាចរណ៍នៅស្ពានព្រះមុនីវង្សទាំង២ខ្សែ និងស្ពានព្រែកសំរោង (ស្ពានតាខ្មៅ)។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ចំពោះគម្រោងសាងសង់ស្ពានព្រែកប្រានេះ លោក ស៊ុន ចាន់ថុល ក៏កំពុងចរចាជាមួយភាគីចិន ដើម្បីស្នើឱ្យកសាងស្ពាននេះដែរ។ ស្ពាននេះគឺមានប្រវែងបណ្ដោយ ៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ គម្រោងស្ពានព្រែកប្រានេះ មានតម្លៃប្រមាណ ៦០លានដុល្លារ។ ប្រសិនបើភាគីចិនយល់ព្រមទៅលើគម្រោងនេះ ការដ្ឋានសាងសង់ស្ពានអាចនឹងត្រូវបើកដំណើរការនៅឆ្នាំក្រោយតែម្ដង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)