ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូន FedEx អាមេរិក កំពុងស្វែងយល់ពីឱកាសវិនិយោគ និងផែនការអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។ បើតាមការលើកឡើងរបស់ លោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន FedEx បានបន្តឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមដំណើរការផ្តល់សេវាដឹកជញ្ជូនដោយផ្ទាល់របស់ខ្លួននៅកម្ពុជា នៅខែតុលា ឆ្នាំ២០២២នេះ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក Masamichi Ujiie បានគូសបញ្ជាក់ថា «ខ្ញុំមកកម្ពុជា មានគោលបំណងស្វែងយល់ពីភាពរីកចម្រើន និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។ ស្វែងរកឱកាសវិនិយោគ និងផែនការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជាសម្រាប់ជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ក្រុម FedEx នៅកម្ពុជា»។
លោក Masamichi Ujiie បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលបានមកកម្ពុជា ហើយមើលឃើញកម្ពុជាមានការរីកចម្រើន ដែលផ្ទុយទៅនឹងអ្វីដែលធ្លាប់បានឮពីប្រព័ន្ធឃោសនាខាងក្រៅ និងពីមនុស្សមួយចំនួន។ លោក ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយនេះ ដែលផ្ទុយស្រឡះពីការឃោសនាផ្សព្វផ្សាយបំផ្លើសបំភ័ន្តភ្នែកអន្តរជាតិរបស់ជនអគតិមួយចំនួន។
នៅក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនពាក់ព័ន្ធ វិស័យសាធារណការ និងដឹកជញ្ជូនរួមមាន៖ ការកសាងផ្លូវថ្នល់បានប្រមាណ ១៨ ០០០គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដោយអ៊ុតបេតុងកៅស៊ូ។ លោក បន្តថា បច្ចុប្បន្នយើងអាចធ្វើដំណើរទៅកាន់បណ្តាខេត្តជាប់ព្រំដែនបានយ៉ាងងាយស្រួល និងឆាប់រហ័ស។
បច្ចុប្បន្ន កម្ពុជាមានបណ្ដាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងភស្តុភារកម្មកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងនោះ៖ ផ្លូវជាតិសំខាន់ៗមួយចំនួនមានការពង្រីកពីពីរគន្លងទៅ ៤គន្លង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងខែតុលា។ បើតាមការលើកឡើងបន្តទៀតរបស់ លោក ស៊ុន ចាន់ថុល បានបន្ថែមថា រួមជាមួយនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់ជាមួយទីក្រុងហូជីមិញ គ្រោងបើកការដ្ឋានសាងសង់នៅក្នុងពេលខាងមុខនេះផងដែរ។
ជាមួយគ្នានេះ កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិចំនួន៣នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងព្រលានយន្តហោះខេត្តកោះកុង។ កម្ពុជាបានធ្វើការបញ្ចប់ផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដែលត្រូវការទុនអនុវត្តប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ដែលនឹងដាក់ឆ្លងគណៈរដ្ឋមន្រ្តីនាពេលឆាប់ខាងមុខ។ បើតាមការលើកឡើងបន្ថែមទៀតរបស់ ស៊ុន ចាន់ថុល។
លោក ទេសរដ្ឋមន្រ្តី មានប្រសាសន៍ឱ្យដឹងថា ជាងនេះទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន YCH សិង្ហបុរី និងក្រុមហ៊ុន Worldbridge ដើម្បីចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងភ្នំពេញ ហើយក្រសួងក៏គ្រោងចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងព្រះសីហនុនៅពេលខាងមុខ និងកំពុងស្វែងរកការវិនិយោគលើវិស័យសំខាន់មួយចំនួនទៀត ជាពិសេសការវិនិយោគមជ្ឈមណ្ឌលដឹកទំនិញតាមផ្លូវអាកាសតំបន់ផងដែរ។
បន្ថែមពីលើនេះ លោក ទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញពីសារសំខាន់នៃទីតាំងភូមិសាស្ត្ររបស់ប្រទេសកម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ានអាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្ម មួយសម្រាប់បម្រើឱ្យអ្នកប្រើប្រាស់ដែលជាអតិថិជនប្រមាណ ៦៥៥លាននាក់ ព្រមទាំងជាចំណុចកណ្តាលនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ដែលអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់បម្រើឱ្យអតិថិជនប្រមាណ ៣៣៤លាននាក់ផងដែរ។
លោក ស៊ុន ចាន់ថុល បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន FedEx ដែលបានលើកឡើង និងចង់ឃើញនូវការហោះហើរមកផ្ទាល់នៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx មកកម្ពុជា និងបានស្នើឱ្យក្រុមហ៊ុនជួបពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ និងបានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងជួយសម្របសម្រួលដើម្បីឱ្យក្រុមហ៊ុនអាចពង្រីកប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅកម្ពុជាបានល្អប្រសើរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)