Register Already an agent ? Login

SME Bank បានអនុម័តថវិកា ២០លានដុល្លារ តាមសំណើកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ស្តារអាជីវកម្មរបស់ខ្លួន

ភ្នំពេញ៖ គិតត្រឹមចុងខែសីហា ឆ្នាំ២០២២នេះ SME Bank បានអនុម័តទំហំប្រាក់កម្ចីសរុបចំនួន ២០លានដុល្លារ តាមសំណើកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ដើម្បីឱ្យពួកគេយកទៅស្តារអាជីវកម្មរបស់ខ្លួន ក្នុងពេលដែលភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមចូលមកកម្សាន្តនៅកម្ពុជាបណ្តើរៗ ដែលជំរុញឱ្យវិស័យទេសចរណ៍នៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ។ បើតាមការថ្លែងរបស់ លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank)។

កម្ចីភាគច្រើន គឺបានទៅលើអាជីវកម្ម សណ្ឋារគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយក្នុងចំណោមសំណើ ដែលបានអនុម័តនេះ សណ្ឋាគារមានចំនួន១៩ ផ្ទះសំណាក់ចំនួន៤៤ ក្នុងទំហំទឹកប្រាក់ជាង ១០លានដុល្លារ។ បើតាមការថ្លែងបន្តរបស់ លោក លឹម អូន បានបន្តថា ចំណែកកម្ចីសម្រាប់ភោជនីយដ្ឋានមានចំនួន៦៥ អតិថិជនក្នុងទំហំប្រាក់ប្រមាណ៧លាន ៨០ម៉ឺនដុល្លារ។ ក្រៅពីនោះគឺ អាជីវកម្មផ្សេងៗទៀតដែលគាំទ្រដល់វិស័យទេសចរណ៍ ចំនួន១៨ អតិថិជនដែលមានទំហំទឹកប្រាក់ ប្រមាណ ២លានដុល្លារ។

សន្ទុះនៃការដាក់ពាក្យស្នើសុំ បើប្រៀបធៀបជាមួយគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យមក្នុងដំណាក់កាលទី២ គឺមានភាពយឺតជាង។ ប៉ុន្តែខ្ញុំគិតថា ដោយសារគម្រោងនេះ គឺផ្តោតតែលើវិស័យទេសចរណ៍តែមួយមុខ ហើយគម្រោងមុន គឺមានការបើកទូលាយ ដែលមានវិស័យច្រើនចូលរួម។ បើតាមការបន្ថែមរបស់ លោក លឹម អូន បានបញ្ជាក់ថា ហេតុនេះភាពយឺតយ៉ាវ ឬចំនួនដែលស្នើមកតិចនេះ គឺជារឿងធម្មតាដោយសារតែវាចង្អៀត ក៏ប៉ុន្តែយ៉ាងណាក៏ឃើញមានការចាប់អារម្មណ៍ច្រើន ជាពិសេសតាមរយៈក្រសួងទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរ។

សូមរម្លឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានដាក់ឱ្យអនុវត្តគម្រោងហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ឱ្យមានសន្ទុះឡើងវិញ ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន របស់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ។

គម្រោងហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥លានដុល្លារ ដោយផ្តល់អត្រាការប្រាក់ ៦.៥% ក្នុង១ឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់ ៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់ ៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មូលដ្ឋានអាជីវកម្មទេសចរណ៍ សរុបនៅកម្ពុជាមានជិត ៨ពាន់អាជីវកម្ម ក្នុងនោះ ៦៨១អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុងផ្អាកអាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ ៦.៦៤% បានបិទអាជីវកម្ម។

ក្នុងចំណោមនោះដែរ សណ្ឋាគារ និងផ្ទះសំណាក់ចំនួន ១៩០ទីតាំង បានផ្អាកអាជីវកម្ម និង២៩ ទីតាំងទៀត បានសម្រេចបិទអាជីវកម្មតែម្តង និង៥២០ទីតាំង កំពុងដំណើរការអាជីវកម្ម។ ដោយឡែកភោជនីយដ្ឋាន បច្ចុប្បន្នមានចំនួនសរុប ២,៥២៩ទីតាំង ក្នុងនោះជាង ២ពាន់កន្លែងកំពុងបើកដំណើរការ និង ៣៦៣ទីតាំង ទៀតបានបន្តផ្អាក និងបិទអាជីវកម្ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)