ភ្នំពេញ៖ គណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី Carol Miller មកកម្ពុជា ដើម្បីស្វែងយល់អំពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក៏ដូចជាដើម្បីទទួលបានព័ត៌មាន និងស្ថានការពិតជាក់ស្តែងនៃការអភិវឌ្ឍនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សាជាមួយ លោក ស៊ុន ចាន់ថុល លោកស្រីបានបញ្ជាក់ថា ជាពិសេសការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗ។
នៅក្នុងជំនួបពិភាក្សា ដែលធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូ បានចាប់អារម្មណ៍លើការរីកចម្រើនរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកំពង់ផែ ដែលខុសពីអ្វីដែលបានរំពឹងទុកមុន អញ្ជើញមកដល់កម្ពុជា និងបានគូសបញ្ជាក់អំពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការល្អរវាងប្រទេសទាំងពីរ។
គណៈប្រតិភូ បានបញ្ជាក់ទៀតថា ជាមួយគ្នានេះ មានបំណងវិនិយោគ ហ្គាសនិងថាមពល(LPNG) និងការវិនិយោគលើវិស័យកំពង់ផែផងដែរ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនធុរកិច្ចរបស់ អាមេរិក ដែលមានបំណងចង់បណ្ដាក់វិនិយោគនៅកម្ពុជា ជាពិសេសវិស័យកំពង់ផែ និងវិស័យហ្គាស និងថាមពល (LPNG)។ លោក បានបញ្ជាក់ថា «កម្ពុជាបើកចំហរ និងត្រៀមខ្លួនសម្របសម្រួលក្រុមហ៊ុនធុរកិច្ចអាមេរិក ដែលមកវិនិយោគនៅកម្ពុជា»។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការ វិនិយោគយ៉ាង ច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរួមមាន៖ ការសាងសង់ព្រលានយន្តហោះថ្មីចំនួន៣ តាមស្តង់ដារអន្តរជាតិ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ អាកាសយានដ្ឋានអន្តរជាតិនៅកោះកុង ដើម្បីទទួលស្វាគមន៍ទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ច បន្ថែមទៀត។
ជំនួបនេះ គឺជាដំណើរទស្សនកិច្ចមួយដែល អនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិស័យសង្គម ជាពិសេស បានឃើញជាក់ស្ដែងនូវជីវភាពរស់ នៅសំបូរសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ បើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល។
ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោក ទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យមានការចូលរួមពី ក្រុមហ៊ុនអាមេរិកលើការបណ្ដាក់ទុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ដោយហេតុថា កន្លងមកកម្ពុជាមិនទាន់ឃើញមានក្រុមហ៊ុនវិនិយោគរបស់អាមេរិកមកបណ្ដាក់ទុនលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើយទេ។ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែអំពីបញ្ហាទាក់ទងភាពគ្មានការរើសអើងពាក់ព័ន្ធនឹងប្រភពនៃការផ្ដល់ហិរញ្ញប្បទានលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបំណុលបានល្អ។
គួរបញ្ជាក់ថា មុនជំនួបជាមួយ លោក ស៊ុន ចាន់ថុល គណៈប្រតិភូខាងលើ ដែលដឹកនាំ ដោយ លោកស្រី Elizabeth Van Duyne តំណាងរាស្ត្រគណបក្សសាធារណរដ្ឋមកពីរដ្ឋតិចសាស់ និងសមាជិកសភាអាមេរិកតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យមកពីរដ្ឋថេនណេសស៊ីផងដែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោកស្រី Elizabeth Van Duyne ក៏បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើងតាមរយៈសក្តានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយ លោកជំទាវ Elizabeth Van Duyne ថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)