ភ្នំពេញ៖ បច្ចុប្បន្ន សមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានសមាជិកជាក្រុមហ៊ុនជប៉ុនដែលកំពុងវិនិយោគនៅកម្ពុជា នៅកម្ពុជាមានជាង ២៥០ក្រុមហ៊ុន ក្នុងនោះ ២៥% ស្ថិតក្នុងវិស័យផលិតកម្ម និងកម្មន្តសាល ២៥% ស្ថិតក្នុងវិស័យពាណិជ្ជកម្មនិងសេវាកម្ម និង ៥០% ទៀតស្ថិតក្នុងវិស័យធនាគារនិងធានារ៉ាប់រង និងវិស័យផ្សេងៗទៀត។ បើតាមការថ្លែងឱ្យដឹងពី លោក KANDA YOGO ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន បានបន្តថា ឆមាសទី១ ឆ្នាំ២០២២ មានក្រុមហ៊ុនជប៉ុនថ្មីចំនួន៨ បានមកបោះទុនវិនិយោគនៅកម្ពុជា។
នៅជំនួបពិភាក្សាការងារជាមួយអ្នកជំនួញជោគជ័យជប៉ុននៅកម្ពុជា ដែលធ្វើឡើងនៅធនាគារអេស៊ីលីដា កាលពីថ្ងៃទី២៦សីហា ឆ្នាំ២០២២ លោក KANDA YOGO បានថ្លែងបន្តថា ចំនួនក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាអាចនឹងមានច្រើនជាងនេះ ដោយសារក្រុមហ៊ុនទាំងនោះមិនបានចុះបញ្ជីជាសមាជិករបស់សភាពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា។
លោក KANDA YOGO បានថ្លែងបន្តទៀតថា បច្ចុប្បន្ន ក្រុមអ្នកធុរកិច្ចជប៉ុនកំពុងសិក្សានិងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសនៅក្នុងវិស័យកសិកម្ម។ លោក បានបញ្ជាក់ថា«ផែនការវិនិយោគបន្ថែមរបស់ធុរជនជប៉ុនទាំងនោះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP, មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងជាមួយកូរ៉េខាងត្បូង នាឆាប់ៗនេះ»។
ការសម្លឹងឃើញការវិនិយោគបន្ថែមនៅកម្ពុជា ដោយក្រុមធុរជនទាំងនោះ គឺដោយសារកិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ «RCEP» រវាងប្រទេសទាំង ១០នៅអាស៊ាន ជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ បានចូលជាធរមាន នាថ្ងៃទី១មករា ឆ្នាំ២០២២។ ក្រោយពី RCEP ចូលជាធរមានហើយនោះ កម្ពុជាក៏ដូចប្រទេសទាំង ១៤ទៀត គឺមានសិទ្ធិស្មើគ្នាក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសណាដែលមានសក្កានុពល។ បើតាមការថ្លែងបន្ថែមរបស់ លោក KANDA YOGO។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ក៏បានចែករំលែកនូវច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលជួយសម្រួល និងលើកទឹកចិត្តផ្នែកពន្ធដារដល់អ្នកវិនិយោគបរទេស ផងដែរ។ លើសពីនេះ លោក បានបញ្ជាក់ថា «កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើនជាង ៦៧% ជាមួយប្រាក់ឈ្នួលនៅទាបដែលនេះជាផ្នែកដ៏ល្អសម្រាប់វិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា។ ភាពអំណោយផលនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការសាងសង់អាកាសយានដ្ឋានថ្មី ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងសក្តានុពលក្នុងវិស័យសំខាន់ៗដើម្បីធ្វើយ៉ាងណាផ្ដល់ការទាក់ទាញដល់វិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា»។
ធុរកិច្ចជនជប៉ុនជាង ៥០ក្រុមហ៊ុន បានមកស្វែងយល់ឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជាតាមរយៈធនាគារអេស៊ីលីដា ដើម្បីបង្កើនចំនួនវិនិយោគរបស់ជប៉ុននៅកម្ពុជា ខណៈដែលអេស៊ីលីដាមានអតិថិជនដែលក្រុមហ៊ុនជប៉ុនប្រមាណជាង ៦០០ក្រុមហ៊ុន ដែលភាគច្រើនជាក្រុមហ៊ុនសាជីវកម្មធំៗដូចជាក្រុមហ៊ុន Minebea ក្រុមហ៊ុនផ្សារទំនើបអ៊ីអនម៉លជាដើម។ បើតាមការលើកឡើងបន្តរបស់ លោក លោក អ៊ិន ចាន់នី។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបន្ថែមថា អតិផរណានៅកម្ពុជា បច្ចុប្បន្នដែលកើតឡើង គឺមិនជាបញ្ហាចោទ ឬធ្វើឱ្យប៉ះពាល់វិនិយោគិនទេ។ លោក បានពន្យល់ដូច្នេះថា អតិផរណាឆ្នាំ២០២២ មានត្រឹមតែ ៥% ឬខែខ្លះជាង ៩% តែទំហំនេះ គឺមិនខ្ពស់ដូចឆ្នាំ២០០៨ ដែលអតិផរណាមានរហូតដល់ ១៨,៧៥% នោះទេ។ លោក បានបន្ថែមថា កម្លាំងលូតលាស់សេដ្ឋកិច្ចកម្ពុជាគឺនៅតែខ្លាំង ជាពិសេសឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៧ គឺមានការលូតលាស់សេដ្ឋកិច្ចខ្លាំង។
បើរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា នាប៉ុន្មានឆ្នាំចុងក្រោយនេះលំហូរចូលនៃការវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ដោយសារតែស្ថិរភាពនយោបាយទីផ្សារវិនិយោគបើកចំហគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អកំណើនសេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងនោះវិស័យសំខាន់ៗដែលទាក់ទាញអ្នកវិនិយោគច្រើនជាងគេគឺវិស័យសំណង់អចលនទ្រព្យ វិស័យកាត់ដេរវិស័យមិនមែនកាត់ដេរ និងវិស័យកសិកម្ម។
រយៈពេលជិត ៣០ឆ្នាំ ប្រទេសកម្ពុជា បានចុះបញ្ជីការវិនិយោគសរុបមានតម្លៃប្រមាណ ៤១,០២ពាន់លានដុល្លារ។ ដោយវិស័យហិរញ្ញវត្ថុរួមចំណែក ២២,៩%, ផលិតកម្ម ២០,៨%, សំណង់និងអចលនទ្រព្យ ១៦,១%, សណ្ឋាគារនិងភោជនីយដ្ឋាន ១០,៧%, កសិកម្ម ១០,៣%, អគ្គិសនី ៦,១% និងវិស័យផ្សេងទៀត ១៣%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)