ភ្នំពេញ៖ ផ្ទៃដីទំហំ ១,៣៥៦,៣៩៦.១៩ហិកតាកតា រាជរដ្ឋាភិបាលបានចែកជូនដល់ អតីតកងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិន នគរបាលនៅតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រជាង ៤៨៧,១៥៧ម៉ឺនគ្រួសារ។ បើតាមការថ្លែងឱ្យដឹងពី លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការចែកជូននេះ ចាប់ផ្ដើមអំឡុងឆ្នាំ២០០០ ដល់ ៦ខែ ក្នុងឆ្នាំ២០២២។
លោក ថេង ច័ន្ទសង្វារ បានថ្លែងបន្តថា ជាមួយគ្នានោះ រាជរដ្ឋាភិបាលបានសាងសង់ផ្ទះជូនក្រុមគ្រួសារកងទ័ព និងនគរបាលជាតិតាមបណ្ដោយព្រំដែន និងគ្រួសារអតីតកងកម្លាំងប្រដាប់អាវុធចំនួន ៧,៨០៥ខ្នង។ បច្ចុប្បន្ន សម្បទានិកបានចូលស្នាក់នៅចំនួន ៧ ១៣៥ខ្នង ស្មើនឹង ៩១,៤២%។
ការបែងចែកដីក្នុងគោលដៅសម្បទានដីសង្គមកិច្ច និងប្រទានកម្ម ជាកម្មវិធីបែងចែកដីក្នុងគោលដៅនៃការកាត់បន្ថយភាពក្រីក្រ និងការជំរុញកំណើនសេដ្ឋកិច្ច បានចែកដីជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារយោធិន និងនគរបាលនៅតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រ។ បើតាមការបញ្ជាក់របស់ លោក ថេង ច័ន្ទសង្វារ។
លោក បានលើកឡើងឱ្យដឹងថា បើគិតត្រឹមឆ្នាំ២០១៨ មកដល់ឆមាសទី១ ឆ្នាំ២០២២ បានបែងចែកដល់ពលដ្ឋ និងអតីតមន្ដ្រីយោធិនសរុបចំនួន ៨,៥៤៨គ្រួសារ ស្មើនឹងសរុបទំហំ ១៥,៨៧០.៧២ហិកតា និងសាងសង់ផ្ទះជូនគ្រួសារកងទ័ព និងនគរបាលជាតិនៅតាមបណ្ដោយព្រំដែន និងគ្រួសារ អតីតកងកម្លាំងប្រដាប់អាវុធសរុប ១,៦៤៣ខ្នង។
លោក ថេង ច័ន្ទសង្វារ បានបន្តថា នៅឆ្នាំ២០១៨ ក្រសួងរៀបចំដែនដីបានបែងចែកដីទំហំ ២៤០ ១៥ហិកតា ជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ និងសង់ផ្ទះបាន ៥៣៧ខ្នង។ នៅឆ្នាំ២០១៩ បែងចែកដីទំហំ ៤១២៣,៨៩ហិកតា ជូនប្រជាពលរដ្ឋ ២,៣១៧គ្រួសារ និងសង់ផ្ទុះបាន ៥៣៧ខ្នង និងឆ្នាំ២០២០ បានចែកដីទំហំ ៦,៨៣២.៧៧ហិកតា ជូនប្រជាពលរដ្ឋ ៤, ២០៩គ្រួសារ និងសង់ផ្ទះបាន ៥៣៣ខ្នង។
ចំណែកឆ្នាំ២០២១ ចែកដីទំហំ ១ ៧៩៣,០៤ហិកតា ជូនប្រជាពលរដ្ឋ ១,៧៦៧គ្រួសារ និងសង់ផ្ទះបាន ៣៦ខ្នង ៦ខែ ដើមឆ្នាំ២០២២ បានចែកដីទំហំ ២,៨៨០.៨៧ហិកតា ជូនប្រជាពលរដ្ឋ ៦៩គ្រួសារ។ បើតាមការបន្ថែមរបស់ លោក ថេង ច័ន្ទសង្វារ បានគូសបញ្ជាក់ថា កម្មវិធីការបែងចែកដីក្នុងគោលដៅសម្បទានដី-សង្គមកិច្ច និងប្រទានកម្មបានដោះស្រាយទៅលើប្រជាពលរដ្ឋដែលខ្វះដី ក្នុងនោះក្បាលដីចែកជូនប្រជាពលរដ្ឋក៏មានការកើនឡើងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)