Register Already an agent ? Login

កម្ពុជា មានរោងចក្រនិងសិប្បកម្មកែច្នៃជ័រ-ឈើកៅស៊ូ ១៧៩កន្លែង បានចំណូលជាង៦៧១លានដុល្លា នាំចេញផលិតផលនេះ

ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានរោងចក្រនិងសិប្បកម្មកែច្នៃជ័រ-ឈើកៅស៊ូចំនួន ១៧៩កន្លែង ដោយបានទទួលចំណូល សរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ។ បើតាមការបញ្ជាក់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមការបញ្ជាក់ លោក ឌិត ទីណា នៅក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មីរបស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានបន្តថា ចំណូលនេះកើនជាង ១៥០លានដុល្លារ បើធៀបឆ្នាំ២០២៣។

រោងចក្រ និងសិប្បកម្មកែច្នៃជ័រ-ឈើកៅស៊ូ កើនឡើងចំនួន ៦កន្លែង បើធៀបឆ្នាំ២០២៣ ក្នុងនោះ រោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង។ ជាការថ្លែងបន្តទៀត លោក ឌិត ទីណា។

វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ជាការថ្លែងបន្ថែម លោក ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម ទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

បើតាម រដ្ឋមន្ត្រីក្រសួងកសិកម្ម រោងចក្រ និងសិប្បកម្មកែច្នៃជ័រ-ឈើកៅស៊ូចំនួន ១៧៩កន្លែង បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)