ភ្នំពេញ៖ អ្នកវិភាគអន្តរជាតិ បានសរសើរពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោក បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានបើកសេដ្ឋកិច្ច និងព្រំដែនឡើងវិញ ក្រោយទទួលបានជោគជ័យលើជំងឺកូវីដ-១៩។
សារព័ត៌មានបរទេសដែលមានឈ្មោះថា CGTN បានចុះផ្សាយពីភាពជោគជ័យរាជដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺសកល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានស្រង់សំដី លោក JOSEPH MATTHEWS សាស្ត្រាចារ្យសាកលវិទ្យាល័យ Beltei International University ថា មេដឹកនាំរបស់ប្រទេសកម្ពុជា ដឹងយ៉ាងច្បាស់ថា ផ្លូវតែមួយគត់ដើម្បីយកឈ្នះជំងឺនេះ គឺការចាក់វ៉ាក់សាំងតាំងពីដំបូង។
លោក JOSEPH MATTHEWS បានលើកឡើងបន្តថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកៀងគរគ្រប់ធនធាន ទាំងធនធានសម្ភារៈនិងធនធានមនុស្ស ដើម្បីធ្វើឱ្យប្រាកដថាមនុស្សច្រើនបំផុតបានចាក់ថ្នាំបង្ការ។ ទន្ទឹមគ្នានោះ ក៏ដោយសារតែមានជំនួយនិងកិច្ចសហប្រតិបត្តិការពីប្រទេសចិនផងដែរ។
លោក សាស្ត្រាចារ្យរូបនេះ បានលើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តផ្តល់ឱ្យប្រជាជន នូវការចាក់វ៉ាក់សាំងដូសទី៤ ឬទី៥ ដើម្បីឱ្យប្រជាជនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ដើម្បីសេដ្ឋកិច្ចងើបឡើងវិញផងដែរ។
ការបើកព្រំដែនឡើងវិញយ៉ាងឆាប់រហ័ស មិនត្រឹមតែបានជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានអនុញ្ញាតឱ្យវិនិយោគិនចូលមកវិញ ដែលនាំឱ្យ FDI កើនឡើងផងដែរនៅឆ្នាំនេះ។ បើតាមការគូសបញ្ជាក់របស់ លោក JOSEPH MATTHEWS បានរម្លឹកថា នៅឆ្នាំ២០២១ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៣.២% នៃGDP សរុប។ ដោយឡែកនៅឆ្នាំ២០២២ កម្ពុជារំពឹងថានឹងមានកំណើនសេដ្ឋកិច្ច ៥.៤%។
សម្រាប់ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ប្រមាណ ១/៥ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (GDP) កម្ពុជាបានដោះស្រាយវិបត្តិជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់។ បើតាមការលើកឡើងបន្ថែមរបស់ លោក JOSEPH បានរម្លឹកបន្តថា កម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺប៉ុន្មានខែមុនប្រទេសជិតខាងរបស់ខ្លួនដទៃទៀត នៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមបើកដែរ ហើយបានលុបចោលលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេសម្រាប់អ្នកដំណើរ ដែលទទួលវ៉ាក់សាំងបង្ការពេញលេញ។
លោក សាស្ត្រាចារ្យដដែលនេះ បានពណ៌នាសង្ខេបពីសេដ្ឋកិច្ចកម្ពុជាដូច្នេះ ផ្ទៃមេឃនៃទីក្រុងភ្នំពេញ គឺជាសក្ខីភាពមួយចំពោះវឌ្ឍនភាពសេដ្ឋកិច្ច ដែលប្រទេសកម្ពុជាបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នៃជំងឺកូវីដ-១៩ នឹងនាំឱ្យប្រទេសនេះកាន់តែខិតទៅជិត ការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)